(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្អាកដំណើរការមូលដ្ឋានផ្សារងិនអាន (ហៅផ្សារទំនប់) បណ្ដោះអាសន្នរយះពេល១៤ថ្ងៃ ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយគិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

ការសម្រេចរបស់លោក ជា ពិសី ក្នុងការផ្អាកដំណើរការមូលដ្ឋានផ្សារងិនអាន (ហៅផ្សារទំនប់) បណ្ដោះអាសន្នរយះពេល១៤ថ្ងៃ បានអនុវត្តឡើង ក្រោយពីរដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារមន្ត្រីសុខាភិបាល បានរកឃើញអាជីវករឆ្លងជំងឺកូវីដ-១៩ ចេញចូលផ្សារងិនអាន (ហៅផ្សារទំនប់) ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៌២០កុម្ភៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

លោក ជា ពិសី ក៏សូមអំពាវនាវដល់បង-ប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ដែលចេញចូលនៅក្នុងផ្សារងិនអាន (ហៅផ្សារទំនប់) ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ តាមដានសុខភាពរបស់ខ្លួន ដើម្បីឲ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល នៃការអនុវត្តវិធានការចត្តាឡីស័ក ហើយបើមានលេចចេញរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ ស្ថិតនៅមជ្ឈមណ្ឌលម៉ូឌែន៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕