(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា នៅថ្ងៃនេះ រថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្ម បានលក់អង្ករបាន២១៨បាវ, មីជាតិ៦២៣កេស, ទឹកត្រី១៤៨យួរ, ទឹកស៊ីអ៊ីវ១៦៧យួរ, ត្រីខ ៣៥៥យួរ, បន្លែ១១៥គីឡូក្រាម និងសាច់ក្រក១៣គីឡូក្រាម ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ទំនិញស្បៀង លក់បាននៅតំបន់ក្រហម ថ្ងៃ២២ មេសា ២០២១ ពលរដ្ឋបានបញ្ជាទិញច្រើន។ យើងប្រឹងប្រែងសម្រប សម្រួលរហូតដល់យប់ ពុំទាន់អស់ការបញ្ជាទិញនៅឡើយ។ ទំនិញដែលពុំទាន់បានបញ្ជូនដល់ផ្ទះ នឹងបញ្ជូននៅថ្ងៃស្អែក។ ស្អែកនេះក្រសួងនឹងបញ្ចូលបន្លែ ច្រើនមុខទៀត ព្រមទាំងទំនិញក្រៀមផ្សេងទៀតផងដែរ»

សូមជម្រាបថា បើគិតរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់២២ ខែមេសា ឆ្នាំ២០២១នេះ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ចំនួន៨២៨បាវ, មីជាតិចំនួន ៣,៨៥៨កេស, ទឹកត្រីចំនួន ៨៩៧យួរ, ទឹកស៊ីអ៊ីវចំនួន ៦៣៣យួរ, ត្រីខ ចំនួន១,១០២យួរ, ទឹកសុទ្ធចំនួន១០២យួរ បន្លែ១១៥គីឡូក្រាម និងសាច់ក្រក១៣គីឡូក្រាម ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ៕