(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្ដោះអាសន្ន ទីតាំងមួយចំនួនក្នុងភូមិសាស្ដ្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្ដីសម្រេចនោះ អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទីតាំងនោះត្រូវបិទរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។

ទីតាំងដែលត្រូវបានបិទខ្ទប់នោះរួមមាន៖

* ទី១៖ ប៉ែកខាងជើងផ្លូវជាតិលេខ៥ ចាប់ពីផ្សារអគ្គៈ ប៉ែកខាងលិច រហូតដល់អូរព្រំដែនកម្ពុជា-ថៃ
* ទី២៖ ប៉ែកខាងលិចផ្លូវផ្សារប៉ោយប៉ែតថ្មី (ផ្សារអគ្គៈ) រហូតដល់ព្រំប្រទល់រវាងភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
* ទី៣៖ ចាប់ពីព្រំប្រទល់ភូមិសាមគ្គី និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖