(ភ្នំពេញ)៖ ចាងហ្វាងសារព័ត៌មានអនឡាញមួយ ដែលបង្ហោះបំភ្លៃថា «លោកឧកញ៉ា លី យ៉ុងផាត ទទួលមរណភាព» នោះត្រូវបានតុលាការខេត្តសៀមរាបសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីឃាត់ខ្លួន។ នេះបើតាមការផ្សព្វផ្សាយនៅលើហ្វេសបុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
បុគ្គលដែលតុលាការឃុំខ្លួននោះ មានឈ្មោះ លឹម ហួរ មានតួនាទីជាចាងហ្វាងគេហទំព័រ Boko News និងគេហទំព័រខ្មែរ 7មករា ឬ Khmer7 News ដែលមានទីស្នាក់ការនៅក្រុមទី៤ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក លឹម ហួរ ត្រូវបានតុលាការ បានចោទប្រកាន់បុគ្គលនេះពី «បទក្លែងព័ត៌មាន»។
ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីស្នងការនគរបាលខេត្តសៀមរាប ផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យា បានហៅជនខាងលើ ទៅធ្វើការសាកសួរទៅលើអ្នកសារព័ត៌មាន តាមបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ដែលប្ដឹងដោយមេធាវីអ្នកឧកញ៉ា លី យ៉ុងផាត់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១៕