(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ តាមរយៈជំនួបកំពូលពិសេសនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ អាស៊ាន បានសម្រេចនូវផ្លែផ្លាដ៏ធំធេងសម្រាប់ជម្លោះ និងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអូសបន្លាយជាងពីរខែមកហើយនោះ។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន ដែលបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ អាស៊ាន បានដាក់ចេញនូវគោលការណ៍ចំនួន៥ចំណុចសំខាន់ ឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ពាក់ព័ន្ធស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា បណ្តាថ្នាក់ដឹកនាំអាស៊ាន បានឈានដល់ការមូលមតិគ្នាចំនួន៥ចំណុចដូចតទៅ៖
ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
សូមបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានជួបនូវវិបត្តិនយោបាយអស់រយៈពេលជាងពីរខែមកហើយ បន្ទាប់ពីរបបយោធារបស់លោក មីង អោងឡាំង បានចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី និងមេដឹកនាំគណបក្សដើម្បីប្រជាធិបតេយ្យ ក្រោយឈ្នះការបោះឆ្នោតជាតិកាលពីដើមខែកុម្ភៈ កន្លងទៅនេះ។
អំពើហិង្សាមួយបានកើតឡើង ក្រោយប្រជាពលរដ្ឋបានចេញធ្វើបាតុកម្មទាមទារឱ្យរបបយោធាប្រគល់អំណាចទៅគណបក្សលោកស្រី អោងសាន ស៊ូជី និងដោះលែងលោកស្រី អោងសាន ស៊ូជី ក៏ដូចជាមេដឹកនាំបក្សនេះ។
ដោយឃើញវិបត្តិនេះចេះតែអូសបន្លាយ និងមានស្ថានភាពធ្ងន់ធ្ងរ ទើបប្រទេសសមាជិកអាស៊ានផ្តួចផ្តើមគំនិតស្វែងរកដំណោះស្រាយ ហើយឈានដល់ការប្រជុំកំពូលពិសេស នៅថ្ងៃទី២៤ ខែមេសា ដោយមានការចូលរួមពីលោក អោង មីងឡាំងផងដែរ។ កិច្ចប្រជុំបានឈានទៅចេញគោលការណ៍៥ចំណុចខាងលើ ដែលគេចាត់ទុកជាជោគជ័យដ៏ធំមួយរបស់អាស៊ាន ហើយនេះជាជំហ៊ានដ៏ល្អក្នុងការឈានទៅបញ្ចប់វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ប្រទេសសមាជិកអាស៊ាននោះ៕