(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានជួបប្រជុំសំណេះសំណាល ជាមួយដៃគូអង្គការក្រៅរដ្ឋាភិបាល សមាគមអភិវឌ្ឍ និងគ្រប់បណ្តាអភិបាលស្រុកក្រុងទូទាំងខេត្តព្រៃវែង នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ។

នៅក្នុងកិច្ចប្រជុំនេះទាំង លោក ស សុខា និងលោក ជា សុមេធី បានថ្លែងជំរុញទៅបណ្តា អង្គការក្រៅរដ្ឋាភិបាល និងដៃគូ ទាំងអស់ដែលកំពុង ធ្វើសកម្មភាពនៅខេត្តព្រៃវែងជាង៦០នោះ បន្តចូលរួមខ្លាំងឡើងជាមួយអាជ្ញាធរ និងក្រុមការងារលើការចុះជួយប្រជាពលរដ្ឋទាំងផ្នែកជីវភាព និងបញ្ហាប្រឈមនានា។

សម្រាប់លោក ស សុខា បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា រាល់បណ្តាអង្គការ ក្រៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ត្រូវតែមានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ ចំពោះការធ្វើសកម្មភាពជួយតាមមូលដ្ឋាន ហើយលោកក៏មានការទប់ស្កាត់ ចំពោះអង្គការទាំងឡាយណា ដែលមិនបានសុំច្បាប់ពីក្រសួងពាក់ព័ន្ធ ហើយចុះមកធ្វើការនោះដែរ ពីព្រោះពេលខ្លះអាចនាំឲ្យមានបញ្ហា ជាមួយប្រជាពលរដ្ឋ ។

តែយ៉ាងណាក៏ដោយទាំង លោក ស សុខា និងលោក ជា សុមេធី បានវាយតម្លៃខ្ពស់ និងកោតសរសើរ យ៉ាងខ្លាំងចំពោះ ដៃគូអង្គការក្រៅរដ្ឋាភិបាល ជាច្រើនដែលកំពុង ធ្វើសកម្មភាពការងារនៅតាមបណ្តា ស្រុកក្រុង ដែលបានចូលរួមលើការ ជួយលើកតម្កើងជីវភាពរបស់ប្រជាពលរដ្ឋ នៅខេត្តព្រៃវែង រហូតមកដល់ពេលនេះ។

លោក សែម គន្ធា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ក៏បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រងត្រាប់ នូវការវិវឌ្ឍសកម្មភាពការងារ ក៏ដូចជាបទពិសោធន៍នានា នាពេលកន្លងមកមានដូចជា ពង្រឹងផ្នែករដ្ឋបាល ទូទៅតាមបណ្តា ស្រុកក្រុង និងពិនិត្យលើការចុះបញ្ជីរបស់ អង្គការសមាគមជាដើម៕