(ភ្នំពេញ)៖ យោងតាម Facebook របស់លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា នៅព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ មានលិខិតអនាមិកមួយច្បាប់ បានផ្ញើទៅដល់គេហដ្ឋានរបស់លោក អេង ឆៃអ៊ាង។

លោកបានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «កាលពីព្រលប់នេះ (០៧-០៣-២០១៦) ខ្ញុំមានកិត្តិយស ដោយបានទទួលលិខិត ព្រមានមួយច្បាប់​ដែលពួកគេយក​មកដល់គេហ​ដ្ឋាន​»

នៅក្នុងលិខិតនោះបានសរសេរផ្ញើជូនលោក អេង ឆៃអាង ដោយបានសរសេរព្រមានចំនួន ៥ចំណុចខាងក្រោម៖

ទី១៖ សូមអាន និងស្តាប់រឿងអាស្រូវរបស់លោកផ្ទាល់
ទី២៖ សូមកុំព្រហើន និងត្រូវឈប់ព្រហើនតទៅទៀត ក្នុងការនិយាយជាសាធារណៈ និងជាមួយអ្នកកាសែត។
ទី៣៖ ត្រូវឈប់ជាបន្ទាន់ក្នុងការចេញមកនិយាយជួយការពារ និងបិទបាំងរឿងអាស្រូវរបស់លោក កឹម សុខា​ ជាពិសេសការនិយាយបង្វែរឿងអាស្រូវពិតប្រាកដរបស់ កឹម សុខា​ ទៅរឿងផ្សេង​ ដោយទុកឲ្យ កឹម សុខា ទទួលខុសត្រូវម្នាក់ឯងចុះ។
ទី៤៖ បើមិនស្តាប់ និងធ្វើតាមអ្វីដែលខ្ញុំប្រាប់ទាំង៤ ចំណុចខាងលើទេ រឿងអាស្រូវផ្ទាល់របស់លោកក៏នឹងត្រូវផ្សព្វផ្សាយឲ្យគេដឹងពេញស្រុកខ្មែរ និងពេញពិភពលោក តាម​ Facebook និង Webpage របស់ខ្ញុំ ដូចរឿងអាស្រូវរបស់ កឹម សុខា ដែរ៕

សូមជំរាបថា ម្ចាស់ Facebook «រឿងពិត CNRP» តែងតែបង្ហោះរឿងអាស្រូវផ្លូវភេទលោក កឹម សុខា ពាក់ព័ន្ធស្រ្តីវ័យក្មេង និងប្រពន្ធចុងជាបន្តបន្ទាន់ ធ្វើឲ្យផ្អើលពេញប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម Facebook ហើយនៅថ្ងៃនេះលិខិតមួយដែលបានដាក់ឈ្មោះ​​ រឿងពិត CNRP បានផ្ញើលិខិតព្រមានយ៉ាងព្រហើនដល់មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង៕