(ភ្នំពេញ)៖ លោក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ បានដឹកនាំកម្លាំង ចុះទៅបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន និងឆក់ដ៏សកម្ម ក្នុងរាជធានីភ្នំពេញ បានចំនួន៣នាក់ ដោយដកហូតកាំភ្លើងខ្លី១ដើម និងវត្ថុតាងជាច្រើន នៅចំណុចផ្លូវចូល ទៅសាលាខណ្ឌ ក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនៅម៉ោង ២៖១០នាទី រំលងអាធ្រាត្រចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។

លោក ម៉ក់ ហុង បានប្រាប់ថា ក្រោយពីកម្លាំងយើងក្តាប់មុខសញ្ញាទាំងនេះរួច ទើបយប់ថ្ងៃនេះ យើងបានដាក់កម្លាំង ចាំមើលរហូតដល់ម៉ោង២រំលងអាធ្រាត្រ ស្រាប់តែឃើញមុខសញ្ញាទាំង៣នាក់ បានចេញ ធ្វើសកម្មភាពចែកចាយ ក៏ត្រូវបានកម្លាំងឃាត់ខ្លួនតែម្តង។

ក្រោយពីឃាត់ខ្លួនបានហើយ កម្លាំងរបស់យើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ និងមានការសម្រប សម្រួលពីព្រះរាជអាជ្ញាផងនោះ បាននាំទៅផ្ទះជួល របស់ជនសង្ស័យបន្តឆែកឃើញមាន កាំភ្លើងខ្លីមួយដើម កាតយោធាមួយសន្លឹក ថ្នាំញៀនមួយចំនួន និងសម្ភារសម្រាប់ប្រើប្រាស់ជាច្រើនទៀត។

បន្ទាប់មកជនសង្ស័យទាំង៣នាក់ ត្រូវបានខ្លួនទៅកាន់ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខដើម្បីសួរនាំបន្ត និងរៀបចំឯកសារបញ្ជួនទៅកាន់ តុលាការដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕