(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងបង្កើនប្រាក់បៀវត្សរ៍ជូនភរិយា និង កូនៗរបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់​អាវុធនៅឆ្នាំ​២០១៧នេះ។ ការគិតគូរដំឡើងប្រាក់បៀវត្សរ៍ជូនភរិយា និងកូនៗរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនេះ បានធ្វើឡើងតាមសំណើររបស់នារីម្នាក់ ដែលបានស្នើសុំគិតគូរបញ្ហានេះ តាមរយៈទំព័រ Facebook របស់សម្តេច។

ពីក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី ៨ មីនា ខួប ១០៥ឆ្នាំនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា បន្ទាប់ពីសម្តេចបានទទួល​សំណូមពរនេះភ្លាម សម្តេចក៏បានទាក់ទងទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក អូន​ ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្រ្តីមុខងារសាធារណៈ ដើម្បីពិភាក្សាទៅលើបញ្ហានេះ។

សម្តេចតេជោ បានបញ្ជាក់ថា «មតិក្មួយពិតជាត្រឹមត្រូវ ខ្ញុំគាំទ្រ។ ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីមុខងារសាធារណះពិភាក្សាគ្នារក ដំណោះស្រាយលើការ​បង្កើនប្រាក់ឧបត្ថម្ភចំពោះភរិយាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ បើមិនបានឆ្នាំនេះ​ ឆ្នាំ២០១៧ និងត្រូវបាន។ ឆ្នាំនេះយើងបានគ្រោង​ចំណាយរួចទៅ​ហើយ​រាប់​ទាំង​ការតម្លើងបៀវត្សរ៍ផងដែរ»