(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹងមរណៈភាពរបស់ លោកអនុសេនីយ៍ត្រី ឡុង សុជាតិ អាយុ ៣៤ឆ្នាំ ដោយសារ ផ្ទុះមីន ខណៈពេលភ្ជួរដីស្រែរបស់ខ្លួនក្រោយទំនេរពីភារកិច្ច ជាកងទ័ព នៅភូមិសាស្ត្រ ភូមិតាសាញ់ត្បូង ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៦ វេលា ម៉ោង ២៖៣០នាទីល្ងាច កន្លងមក ហើយបានបន្សល់ទុកនូវ ប្រពន្ធ អាយុ២៦ឆ្នាំ ទើបរៀបការបាន ៣ខែ ក្លាយជាស្ត្រីមេម៉ាយ។

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំង លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់​គ្រងគ្រោះ​មហន្តរាយ សហការណ៍ជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកអនុសេនីយត្រី ឡុង សុជាតិ ។

ក្នុងឱកាសនោះ លោក ក៏បានផ្តាំផ្ញើនូវប្រសាសន៍ ចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបួងសួងសូមឲ្យវិញ្ញាណក្ខន្ត ក្មួយសុជាតិ បានទៅកាន់សុគតិភពផងដែរ។
ជាមួយគ្នានោះ លោក  បានឧបត្ថម្ភអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន រួមមាន៖ អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស ឃីត ៥ ដែលមាន(សារុង ក្រមា មុង ភួយ) ព្រមទាំងថវិកា ១ចំនួនធំ ដើម្បីរៀបចំបុណ្យ៧ថ្ងៃ ជូនសព នាថ្ងៃទី០៩ ខែមីនាខាងមុខនេះ។

ជាកិច្ចតបស្នងចំពោះសកម្មភាពមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តំណាងគ្រួសារសព បានថ្លែងអំណរគុណចំពោះ សម្តេច និងក្រុមការងារកាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីទុក្ខ​លំបាក​របស់ជន​រងគ្រោះ ក៏ដូចជាប្រជាជនខ្វះខាតទូទៅផងដែរ៕