(​សេ​អ៊ូ​ល​)៖ កូរ៉េខាងជើង បាន​លួច​ព័ត៌មាន​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូន​របស់​មន្ត្រី​កូរ៉េខាងត្បូង ដែល​បទឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ត្រូវបាន​ទីភ្នាក់ងារ​ចារកម្ម​របស់​កូរ៉េខាងត្បូង បញ្ជាក់​ឲ្យដឹង​នៅ​ថ្ងៃ​អង្គា ទី​០៨ ខែ​មីនា និង​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុន​ហាប់​។​

​នៅក្នុង​របាយការណ៍រ​បស់​ចារកម្ម​ទីក្រុង​សេ​អ៊ូ​ល បានឲ្យដឹងថា ក្រុម​អ្នក​ជំនាញ​របស់​កូរ៉េខាងជើង បាន Hack ចូល​ទៅ​កាន់​ស្មា​ត​ហ្វូន​របស់​មន្ត្រី​ជាន់ខ្ពស់​ធំ​របស់​កូរ៉េ​ខាងត្បូង នៅ​ចន្លោះ​ខែ​កុម្ភៈ និង​ដើមខែ​មីនា​នេះ ដើម្បី​លួច​ទិន្នន័យ និង​ស្ដាប់​ការសន្ទនា ក្នុង​នោះ​សូម្បី​តែ​ការផ្ញើ​សារ​ក៏​ត្រូវ​បាន​កូរ៉េខាងជើង​លួច​យក​ដែរ​។​

​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​កូរ៉េ​ខាងត្បូង បានឲ្យដឹង​ថា​ក្រុម Hacker កូរ៉េខាងជើង បាន​ព្យាយាម​ផ្ញើ​សារ​ជា​អក្សរ​មកកាន់​មន្ត្រី​រដ្ឋាភិបាល​សេ​អ៊ូ​ល ដោយ​នៅ​ក្នុង​សារ​នោះ​មាន​បង្កប់​នូវ​មេរោគ ដែល​អាច​ជ្រៀត​ចូលទៅក្នុង​ទូរស័ព្ទ​បាន​។​

​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នេះ បាន​កើតមានឡើង​ចំ​ពេញ​ដែល​ភាព​តានតឹង​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ បាន​កើតឡើង បន្ទាប់​ពី​ទីក្រុង​ព្យុង​យ៉ាង​បាន​ធ្វើ​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ និង​រ៉ុកែត​រយៈ​ចម្ងាយ​ឆ្ងាយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ដែល​ជា​សារ​មួយ​ព្រមាន​ដល់​កូរ៉េខាងជើង ប៉ុន្តែ​ជា​ការឆ្លើយ​បទ កូរ៉េខាងជើង បាន​ព្រមាន​វាយកម្ទេច​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​វិញ ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​៕​