(ស្វាយរៀង)៖ នៅក្នុងដំណើរចុះពិនិត្យមើលវឌ្ឍនភាព នៃការអភិវឌ្ឍន៍របស់ខេត្ត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។

លោក ម៉ែន វិបុល ក៏បានជំរុញដល់អាជ្ញាធរ ត្រូវបន្តចូលរួមផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ១៩ ជូនដល់ពលរដ្ឋឲ្យបានទូលំទូលាយផងដែរ ដើម្បីរួមគ្នាចូលរួមបង្ការ ទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ដើម្បីឈានទៅកាត់ផ្ដាច់ឬសគល់នៃការចម្លងនៅក្នុងខេត្តស្វាយរៀង ឱ្យមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងដំណើរចុះពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍន៍របស់ខេត្ត លោក ម៉ែន វិបុល ក៏បានចុះពិនិត្យមើលសំណង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់គយត្របែក ព្រមទាំងរបងប្រព័ន្ធលូបង្ហូរទឹក រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងបរិវេណសាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលដែលបានស្ថាបនារួចរាល់។ ចុះពិនិត្យសំណង់ឈាបនដ្ឋាន សម្រាប់បូជាអ្នកទទួលមរណភាពដោយជំងឺកូវីដ១៩ កំឡុងពេលដែលកំពុងសម្រាកព្យាបាលក្នុងខេត្ត ស្ថិតនៅបរិវេណវត្តកោះជុំ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងចុះពិនិត្យផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ១០៥០ម៉ែត្រ ទទឹង៥ម៉ែត្រ បានស្ថាបនារួចរាល់១០០% និងការរៀបចំដាក់បង្គោលភ្លើង ជូនប្រជាពលរដ្ឋ ដែលជាអំណោយក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។

សូមបញ្ជាក់ថា ផ្លូវមួយខ្សែស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កន្លងមកក្រោមការដឹកនាំនឹងសម្របសម្រួលរបស់លោក ម៉ែន វិបុល បានដោះស្រាយបញ្ចប់នូវករណីទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋរួចរាល់ ដែលរស់នៅតាមបណ្តោយផ្លូវនេះផងដែរ ដោយអនុវត្តតាមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងបានសម្រេចធ្វើផ្លូវជូនប្រជាពលរដ្ឋដើម្បីងាយស្រួលក្នុងការដំណើរ៕