(ភ្នំពេញ)៖ ក្នុងរយៈពេលមួយត្រីមាស ដើមឆ្នាំ២០២១នេះ លេខាធិការដ្ឋានរបស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់រថយន្តដឹកលើសទម្ងន់ចំនួន ៧១៧គ្រឿង និងពិន័យជាថវិកាបាន ១,០៧៤,២៧១,០០០រៀល។

យោងតាម Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាន នៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្នុងត្រីមាសទីមួយបានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ៧១៧គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ១,០៧៤,២៧១,០០០ រៀល ។

ក្រសួងសាធារណការ ក៏សូមអំពាវនាវដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញ ផ្លូវជាតិនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។ ទន្ទឹមនោះសូមម្ចាស់យានយន្តដឹកជញ្ជូន ទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នាផងដែរ៕