(ភ្នំពេញ)៖ តាមគោលការណ៍ច្បាប់ នៅក្នុងរឿងក្តីរដ្ឋប្បវេណីមួយ ការចូលរួមរបស់គូភាគី ឬភាគី ទាំងសងខាង រវាងដើមចោទ និងចុងចម្លើយ គឺវាមានភាពចាំបាច់ និងមានសារៈសំខាន់ខ្លាំងណាស់ នៅគ្រប់ដំណាក់កាលនៃនីតិវិធីរបស់តុលាការ។ នៅក្នុងនីតិវិធីរបស់តុលាការ គូភាគីអាចធ្វើការអះអាង និងបង្ហាញពីការទាមទាររបស់ខ្លួន ក៏ដូចជាធ្វើការឆ្លើយតបចំពោះ ការអះអាងរបស់ភាគីម្ខាងទៀតផងដែរ។

ការអះអាងនេះ អាចធ្វើឡើងដោយផ្ទាល់មាត់ ឬដោយឯកសារផ្សេងៗ ប៉ុន្តែដើម្បីឲ្យតុលាការមានការជឿជាក់កាន់តែខ្លាំងចំពោះ ការអះអាងរបស់ខ្លួន គូភាគីគប្បីធ្វើការអះអាង ចំពោះការទាមទារ ឬឆ្លើយតបចំពោះការទាមទាររបស់ខ្លួនដោយការដាក់ជាឯកសារ ដែលក្នុងក្រមនីតិវិធីរដ្ឋប្បវេណី គេឲ្យឈ្មោះថា «ឯកសារត្រៀម»។ តើគូភាគីអាចដាក់ឯកសារត្រៀមនេះបាននៅពេលណា ហើយវាមានគោលបំណង និងអត្ថប្រយោជន៍បែបណាខ្លះក្នុងដំណើរការនីតិវិធីរបស់ តុលាការនៅក្នុងរឿងក្តី?

ដើម្បីយល់ដឹងឲ្យបានកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ឯកសារត្រៀម» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

នៅពេលនីតិវិធីនៃរឿងក្ដីរដ្ឋប្បវេណីមួយដំណើរការ គូភាគីតែងតែធ្វើការនិយាយអះអាង និងតវ៉ា យកឈ្នះរៀងៗខ្លួន ដោយពុំបានគិតពិចារណាទៅលើពេលវេលាឡើយ។ ដោយសារការអះអាងរបស់គូភាគី អាចមានភាពស្មុគស្មាញ ឬអាចធ្វើឡើងច្រើនដង ក្រមនីតិវិធីរដ្ឋប្បវេណី បានចែងនូវបទបញ្ញត្តិមួយ អំពីការដាក់ឯកសារដែលបង្ហាញពីចំណុចជាក់លាក់សម្រាប់ការពារការទាមទារ និងអះអាងតទល់ របស់ភាគីទាំងពីរ ដែលត្រូវបានគេហៅថា «ឯកសារត្រៀម»។

បទបញ្ញត្តិស្ដីពីឯកសារត្រៀមត្រូវបានបញ្ញត្តិនៅក្នុងមាត្រា ១០១ និងមាត្រា១០២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលខ្លឹមសារជារួមបានចែង អំពីសិទ្ធិអំណាចរបស់តុលាការ ក្នុងការបង្គាប់ឲ្យភាគីដាក់ឯកសារត្រៀម ក៏ដូចជាចែងអំពីខ្លឹមសារនៃឯកសារត្រៀមរបស់ដើមចោទ និងចុងចម្លើយផងដែរ។ ឯកសារត្រៀម គឺជាឯកសារផ្ទុកនូវចំណុចជាក់លាក់សម្រាប់ការពារការទាមទារ ឬតទល់រវាងភាគី។

ឯកសារត្រៀមមានសារៈសំខាន់ណាស់សម្រាប់ដំណើរការដោះស្រាយនីតិវិធីបណ្ដឹងឲ្យបានឆាប់រហ័ស ដោយហេតុថាតុលាការពឹងផ្អែកលើឯកសារនេះ ដើម្បីរៀបចំនូវសេចក្ដីអះអាងរបស់ភាគី បំភ្លឺចំណុចវិវាទនៃរឿងក្ដី រៀបចំភស្តុតាងដែលទាក់ទងនឹងចំណុចវិវាទ ក៏ដូចជាអង្គហេតុដែលមាន ឬគ្មានវិវាទ ដើម្បីឈានដល់ដំណាក់កាលបន្ទាប់នៃនីតិវិធី។ ឯកសារត្រៀម មិនត្រូវបានកំណត់ចំនួនប៉ុន្មានច្បាប់ទេ ដោយនៅក្នុងរឿងក្ដីដែលមានលក្ខណៈស្មុគស្មាញមួយចំនួន ក៏មានការដាក់ឯកសារត្រៀមច្រើនដងផងដែរ។

ការដាក់ឯកសារត្រៀមរបស់ចុងចម្លើយ ធ្វើឡើងដើម្បី៖

១៖ ឆ្លើយតបចំពោះខ្លឹមសារនៃសាលក្រមដែលដើមចោទបានសរសេរទាមទារនៅក្នុងពាក្យបណ្ដឹង។
២៖ ការទទួលស្គាល់ ឬមិនទទួលស្គាល់នូវអង្គហេតុដែលមានសរសេរនៅក្នុងពាក្យបណ្ដឹង។
៣៖ បញ្ជាក់អំពីអង្គហេតុដើម្បីតវ៉ាចំពោះអង្គហេតុ ដែលមានសរសេរនៅក្នុងពាក្យបណ្ដឹងរបស់ដើមចោទ។
៤៖ ឆ្លើយតបចំពោះឯកសារត្រៀមរបស់ដើមចោទ។

ចំណែកឯការដាក់ឯកសារត្រៀមរបស់ដើមចោទ ធ្វើឡើងដើម្បី៖

១៖ ទទួលស្គាល់ ឬមិនទទួលស្គាល់ចំពោះអង្គហេតុតវ៉ា ក្នុងករណីចុងចម្លើយបានអះអាងអំពីអង្គហេតុតវ៉ា។
២៖ តវ៉ាតប ចំពោះការអះអាងរបស់ចុងចម្លើយ។
៣៖ ឆ្លើយតបចំពោះឯកសារចម្លើយ (ឯកសារត្រៀមលើកទី១) ឬឯកសារត្រៀម របស់ចុងចម្លើយ។
៤៖ អះអាងអំពីអង្គហេតុផ្សេងទៀត ដែលមានប្រយោជន៍ចំពោះខ្លួន។

ជាទូទៅឯកសារត្រៀមត្រូវដាក់តាមរយៈការបង្គាប់ឲ្យដាក់ពីតុលាការ ដែលអាចត្រូវបានដាក់នៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល រហូតដល់ដំណាក់កាលចុងក្រោយនៃនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់អាស្រ័យ ទៅលើភាពស្មុគស្មាញនៃរឿងក្ដី។ ប៉ុន្តែទោះបីជា ការដាក់ឯកសារត្រៀមអាចដាក់បានច្រើនដង និងគ្រប់ពេលក៏ដោយ ប៉ុន្តែជាក់ស្ដែងដើម្បីកុំឲ្យអូសបន្លាយពេលវេលាយូរ តុលាការជាអ្នកកំណត់ពេលសមរម្យណាមួយ មុនពេលធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ (បើកសវនាការជំនុំជម្រះ) ក្នុងការឲ្យគូភាគីដាក់ឯកសារត្រៀមនេះ។

សរុបសេចក្ដីមក ឯកសារត្រៀម គឺជាឯកសារដែលគូភាគីដាក់ចូលក្នុងនីតិវិធី ក្នុងគោលបំណងធ្វើសេចក្ដីថ្លែងការណ៍ទទួលស្គាល់ ឬមិនទទួលស្គាល់អង្គហេតុដែលអះអាងដោយភាគីម្ខាងទៀត ក៏ដូចជារៀបចំមធ្យោបាយតទល់ ឬការពារខ្លួនផងដែរ។ ការដាក់ឯកសារត្រៀមនេះ មានប្រយោជន៍ច្រើនដល់ដំណើរការនីតិវិធី ដោយសារការដាក់ឯកសារត្រៀមអាចផ្ដល់នូវភាពងាយស្រួលដល់ភាគី ក្នុងការស្វែងយល់ពីការអះអាងរបស់ភាគីម្ខាង ក៏ដូចជាឆ្លើយតបទៅវិញ ហើយចំពោះតុលាការវិញ គឺមានភាពងាយស្រួលក្នុងការស្វែងយល់ពីការអះអាងរបស់ភាគី ក៏ដូចជាឈានដល់ការកំណត់ចំណុចវិវាទ ក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល បានឆាប់រហ័សផងដែរ៕

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក ឡេង ពុទ្ធិតារា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុក ផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group