(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បានចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារស្ទោង មុននឹងការបើកដំណើរការលក់ដូរឡើងវិញនៅថ្ងៃស្អែក និងបន្តបាញ់ថ្នាំតាមផ្ទះមួយចំនួននៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ ដើម្បីការពារទប់ស្កាត់ការរីករាលដាលកូវីដ-១៩។

ថ្លែងនៅក្នុងដំណើរការចុះត្រួតពិនិត្យនោះដែរ លោក សុខ លូ បានលើកឡើងថា បន្ទាប់ពីមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង កាលពីថ្ងៃទី២៨ ខែមេសាកន្លងមក រដ្ឋបាលខេត្តកំពង់ធំបានសម្រេចបិទទីតាំងនេះ ជាបណ្ដោះអាសន្នដោយបានបង្កើតគណៈកម្មការភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅតំបន់នេះដោយហ្មត់ចត់បំផុត ហើយក្រុមការបានប្រមូលបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ យកមកដាក់នៅមណ្ឌលចត្តាឡីស័ក និងយកសំណាកដើម្បីវិភាគរកជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះស្ថានការណ៍នៅក្នុងស្រុកស្ទោង អាចគ្រប់គ្រងបាន។

លោក សុខ លូ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងក្រុមការងារទាំងអស់ដែលបានខិតខំកំពុងបំពេញបេសកកម្មទាំងយប់ទាំងថ្ងៃ ហើយគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ ដើម្បីក្តីសុខរបស់ប្រជាពលរដ្ឋ។

លោក សុខ លូ ក៏បានអំពាវនាវដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីបើកដំណើរការផ្សារស្ទោងឱ្យលក់ដូរឡើងវិញ សូមរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវគោរពតាមវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តឲ្យបានខ្ជាប់ខ្ជួនដែលជាវិធានការមួយដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងសម័យកូវីដ១៩នេះ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងបានគាំទ្រនូវចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ក្រោមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងស្រុកស្ទោងនេះ បានឆាប់រហ័ស និងទាន់ពេលវេលា៕