(សៀមរាប)៖ ក្រោយពីទទួលគោលការណ៍ណែនាំពីរដ្ឋបាលខេត្តសៀមរាប ក្រុមការងារមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានចុះផ្សព្វផ្សាយតាមបណ្តាអាជីវកម្មដ្ឋានទេសចរណ៍ ក្នុងក្រុងសៀមរាប ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១។

ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្រុមការងារនេះ បានបែងចែកជា៣ក្រុម ដើម្បីចុះត្រួតពិនិត្យទីតាំងអាជីវកម្មនៅតាមសង្កាត់នីមួយៗក្នុងក្រុងសៀមរាប ក្នុងនោះ៖

១៖ ក្រុមការងារចុះស្រង់ទិន្នន័យតាមសង្កាត់នីមួយៗក្នុងក្រុងសៀមរាប

២៖ ក្រុមការងារចុះផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តលេខៈ ០០៨/២១ ស.ណ.ន របស់រដ្ឋបាលខេត្តសៀមរាបចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១

៣៖ ក្រុមការងារចុះត្រួតពិនិត្យការអនុវត្តសារាចរណែនាំរបស់រដ្ឋបាលខេត្ត វិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍។

មន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានអំពាវនាវ ម្ចាស់អាជីវកម្មដ្ឋានទេសចរណ៍ទាំងអស់ ត្រូវរៀបចំឲ្យមានទឹកអាកុល ឬជែលសម្រាប់លាងដៃនៅច្រកចេញ-ចូល និងចាត់បុគ្គលិកដើម្បីធ្វើការវាស់កំដៅភ្ញៀវ ណែនាំឱ្យពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល និងសុវត្ថិភាពសង្គមឲ្យបានត្រឹមត្រូវ ហើយគ្រប់ទីតាំងអាជីវកម្មទាំងអស់ត្រូវតែបង្កើតប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ-១៩ ដោយតម្រូវឲ្យភ្ញៀវទាំងអស់ត្រូវស្កេន QR Code ជាដាច់ខាត មុននឹងអនុញ្ញាតឲ្យចូលក្នុងទីតាំងរបស់ខ្លួន ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍៕