(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ ភ្នាក់ងារទេសចរណ៍ កម្លាំងនគរបាលបេតិកភណ្ឌ រួមនិងក្រុមការងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានដាំកូនឈើឡើងវិញ ក៏ដូចជាបំពេញចន្លោះខ្វះខាតនៅតាមតំបន់ប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។

ដើមឈើដែលក្រុមការងារបានរៀបចំដាំឡើងវិញកាលពីពេលថ្មីៗនេះ រួមមាន នៅមុខប្រាសាទភ្នំបាខែង បានដើមកូនឈើចំនួន ៣១០ដើម មានដើមច្រេស ១០០ដើម ដើមបេង ៨០ដើម ដើមធ្នង់ ៨០ដើម និងដើមរំដួល ៥០ដើម។ បន្ថែមពីនេះ ក្រុមការងារក៏បានសហការជីករណ្ដៅដាំកូនឈើនៅចំណុចកសិន្ធុខាងត្បូងអង្គរវត្ត និងបានដាំកូនឈើសរុប ២៦០ដើម មានដើមយាង ១០០ដើម ដើមគគីរ ១០០ដើម និងដើមរំដួល ៦០ដើម។

អាជ្ញាធរជាតិអប្សរានៅបន្តដាំដើមឈើ ដើម្បីបំពេញនៅទីកន្លែងមួយចំនួនទៀតនៅរមណីយដ្ឋានអង្គរ ក្នុងន័យដើម្បីបង្កើនគម្របព្រៃឈើ និងសោភ័ណភាពក្នុងតំបន់កាន់តែល្អប្រសើរ៕