(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបដិសេធទាំងស្រុង ចំពោះការចុះផ្សាយនៅលើគេហទំព័រទាំងឡាយ ដែលមានខ្លឹមសារថា អនុសាខាក្រសួងសម្រួលការងារតាមអនឡាញ ទទួលរៀបចំធ្វើបណ្ណបើកបរគ្រប់ប្រភេទស្របច្បាប់ មានគល់បញ្ជីក្រសួង ផុតកំណត់អាចបន្តសុពលភាពបានស្របច្បាប់ និងបានអះអាងថា ជាអនុសាខារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អាចផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ក្រសួងសាធារណការ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ព័ត៌មានដែលបានចុះផ្សាយ ក្នុងគេហទំព័រទាំងឡាយខាងលើនេះ ជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

ក្រសួងក៏បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនខិលខូចខាងលើ ដែលបានផលិតបណ្ណសម្គាល់យានយន្ត ផ្លាកលេខយានយន្ត និងប័ណ្ណបើកបរយានយន្តក្លែងក្លាយ និងការផ្សព្វផ្សាយលក់ផ្លាកលេខយានយន្ត តាមបណ្ដាញសង្គមក្នុងគេហទំព័រនានា ជាពិសេស ចាត់វិធានការចំពោះអំពើបោកប្រាស់ និងការក្លែងឯកសារសាធារណៈទាំងនេះ ដែលបង្កជាការភ័ន្តច្រឡំដល់ សាធារណជន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ជាមួយគ្នានេះផងដែរ ក្រសួងបានជំរុញលើកទឹកចិត្ត ក៏ដូចជាអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋមេត្តាចៀសវាង ការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលងាយធ្លាក់ចូលក្នុងអំពើ បោកប្រាស់របស់ជនខិលខូច នាំឱ្យខាតបង់ថវិកា និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ ទាំងឡាយនៅតាមទីតាំងនានាដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។

ជាងនេះទៅទៀត ដើម្បីការពារការភ័ន្តច្រឡំដល់មហាជន ជាពិសេសដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌ មានមិនពិតរបស់ជនទុច្ចរិត និងក្រុមបុគ្គលខូចដែលបង្កឱ្យមានភាពអសន្តិសុខ និងចលាចលដល់សង្គម ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធាន ការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីបង្ក្រាប និងចាប់ជនខិលខូចដែលបានប្រព្រឹត្តខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន។

បច្ចុប្បន្ននេះ ក្រសួងក៏កំពុងជំរុញ និងធ្វើឱ្យប្រសើរឡើងលើការធ្វើកំណែទម្រង់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព សុក្រឹត្យភាព គណនេយ្យភាព និងឆាប់រហ័ស ស្របតាមគោលនយោបាយដ៏ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕