(រតនគិរី)៖ ដោយមានការចង្អុលបង្ហាញពីលោក ថង សាវុន ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារគណបក្សខេត្ត ចុះពង្រឹងមូលដ្ឋានក្រុងបានលុង សហការជាមួយគណៈកម្មាធិការបក្សក្រុងបានលុង បាននាំគ្រឿងចក្រជួសជុលកៀរកែសម្រួលផ្លូវលំមួយខ្សែ ជូនប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតក្នុងភូមិលូន សង្កាត់យក្សឡោម ក្រុងបានលុង។

លោក សាយ សាមាន សមាជិកក្រុមការងារចុះជួយមូលដ្ឋានក្រុងបានលុង បានប្រាប់ភ្នាក់ងារ Fresh News ថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនោះ, លោក ថង សាវុន បានបញ្ជាឲ្យនាំគ្រឿងចក្រចុះជាបន្ទាន់។

លោកបន្តថា ទោះក្នុងបរិបទកូវីដ១៩ក៏ដោយ គណបក្សប្រជាជនកម្ពុជាតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់កាលៈទេសៈ។ ជាក់ស្តែង ផ្លូវលំជួសជុលកៀរកែសម្រួលមួយខ្សែនេះមានប្រវែង៣៥០ម៉ែត្រ និងទទឹង៧ម៉ែត្រ ប្រភេទដីល្បាយថ្មដែលរងការខូចខាតដោយទឹកហូរច្រោះនាពេលកន្លងមក។

ជាមួយគ្នានេះ លោកក៏បានសំណូមពរចំពោះបងប្អូនសូមចូលរួមថែរក្សាផ្លូវមួយខ្សែនេះ ទុកជាចំណងដៃរបស់គណបក្សប្រជាជនកម្ពុជាដើម្បីប្រើប្រាស់បានយូរអង្វែង។

លោក ទិន លួន តំណាងអាជ្ញាធរភូមិលូន សង្កាត់យក្សឡោម និងប្រជាពលរដ្ឋទាំងអស់ មានការត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណលោក ថង សាវុន, លោក សាយ សាមាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត ចុះពង្រឹងមូលដ្ឋានក្រុងបានលុង និងលោក ងិន ណែល ប្រធានគណៈកម្មាធិការបក្សក្រុងបានលុង ដែលតែងតែជួយដោះស្រាយបញ្ហាផ្សេងៗពេលដែលពួកគាត់ជួបការលំបាក។

ប្រជាពលរដ្ឋក្នុងភូមិលូន សង្កាត់យក្សឡោម ក្រុងបានលុង បានលើកឡើងពីសារៈសំខាន់ផ្លូវលំជួសជុលកៀសម្រួលរួចហើយនេះ គឺផ្តល់ភាពងាយស្រួលដូចជា ដឹកកសិផល ធ្វើដំណើរទៅផ្សារបានលុង ទៅមន្ទីរពេទ្យ កូនចៅពួកគាត់ទៅសាលារៀន ជាពិសេសងាយស្រួលធ្វើដំណើរនារដូវវស្សានេះ៕