(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Teo Lay Cheng ដែលទើបទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា ដែលជំនួបនេះបានធ្វេីឡេីងនៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះលោកស្រីឯកអគ្គរដ្ឋ ដែលទើបទទួលបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា និងបានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់លោកស្រីឯកអគ្គរដ្ឋទូត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-សិង្ហបុរីឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។
លោកស្រីឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា បានបង្ហាញបំណងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ រវាងប្រទេសទាំងពីរសិង្ហបុរី-កម្ពុជាឱ្យកាន់តែរឹងមាំឡើងថែមទៀត តាមរយៈបេសកកម្មការទូតរបស់លោកស្រីនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូត និងប្រតិភូអំពី ការប្រើប្រាស់ដោយជោគជ័យនូវប្រព័ន្ធជាតិស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះជាដើម។
បន្ថែមពីលើនេះ លោលទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពជូនលោកស្រីអំពីការសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់សាធារណរដ្ឋសិង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និងភារកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌនេះ (Framework Agreement - FA) ជាមួយក្រុមហ៊ុន YCH និងក្រុមហ៊ុន IA។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីអត្ថប្រយោជន៍នៃគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ជាគម្រោងយុទ្ធសាស្រ្តមួយ មានទីតាំងស្ថិតនៅចំកណ្តាលប្រទេស ជាមួយនឹងការគាំទ្រពី បណ្តាញផ្លូវជុំវិញទីក្រុងភ្នំពេញ ដើរតួនាទីក្នុងការចែកចាយទំនិញនៅក្នុងប្រទេស និងជាចំណុចតភ្ជាប់នៃការដឹកជញ្ជូនឆ្លងកាត់ដែលរួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស និងអាចបម្រើជាមណ្ឌលដឹកជញ្ជូន និងភស្តុភារកម្មក្នុងតំបន់ផងដែរ ដោយហេតុថាកម្ពុជាមានទីតាំងភូមិសាស្ត្រឋិតនៅចំកណ្តាល ប្រទេសមហាអនុតំបន់ទន្លេមេគង្គ៕