(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រគល់ឧបករណ៍តេស្តរកមេរោគកូវីដ-១៩ឆាប់រហ័ស (Covid-19 Ag RAPID TEST DEVICE) ចំនួន២ឈុត(២,០០០តេស្ត) ជូនលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីប្រគល់-ទទួលនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីលក្ខណៈពិសេសនៃឧបករណ៍តេស្តមេរោគកូវីដ-១៩ឆាប់រហ័ស ដោយប្រើបច្ចេកវិទ្យាទំនើប អាចជំរុញល្បឿននៃការធ្វើតេស្តបានឆាប់រហ័ស មានសុក្រឹត្យភាពខ្ពស់ មានគុណភាពនិងសុវត្ថិភាពខ្ពស់ ជួយសម្រួលដល់ការងាររបស់ក្រុមគ្រូពេទ្យក្នុងការពិនិត្យរកមេរោគឆ្លងកូវីដ-១៩បានឆាប់រហ័ស និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗថែមទៀតផង។

លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ និងឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសនូវការចម្លងក្នុង សហគមន៍ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នានៅក្នុងពេលបច្ចុប្បន្ននេះ។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែមានទឹកចិត្តប្រកបដោយកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លា យកចិត្តទុកដាក់ និងគិតពីតម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវ៕