(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញប្រកាសព័ត៌មានថា មានគណបក្សនយោបាយចំនួន៤ នឹងចូលរួមប្រកួតប្រជែង

ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត។ នេះតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅយប់ថ្ងៃទី១២ ខែឧសភានេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភានេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានសម្រេចទទួលស្គាល់ជាផ្លូវការនូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់
គណបក្សហ៊្វុនស៊ិនប៉ិច។

សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត, គណបក្សនយោបាយចំនួន៤ នឹងចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា, គណបក្សយុវជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។

គ.ជ.ប បានបញ្ជាក់ថា បន្ទាប់ពីសម្រេចទទួលស្គាល់ជាផ្លូវការនូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តនឹងរៀបចំការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយនៅលើសន្លឹកឆ្នោត ដើម្បីរៀបចំការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ៣៨ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ដីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត ដែលក្រុងនេះមានសង្កាត់ចំនួន៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖