(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ស៉ី នួនសារ៉ាក់ ប្រជាពលរដ្ឋរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើដំណើរមកពីគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញថ្មីៗនេះ។

រដ្ឋបាលខេត្តព្រៃវែង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់មានអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្ដៅខ្លួន និងក្អកខ្លាំង ហើយក្រុមគ្រូពេទ្យបានខិតខំសង្គ្រោះអស់ពីលទ្ធភាពនៅតែមិនអាចសង្គ្រោះបាន។

ជាមួយគ្នានេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានផ្ញើសាររំលែកទុក្ខចំពោះក្រុមគ្រួសារសពផងដែរ។ ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង និងក្នុងនាមខ្លួនលោកផ្ទាល់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ស៉ី នួនសារ៉ាក់ សូមបានទៅកាន់សុគតិភព ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ថែមពីនេះ រដ្ឋបាលខេត្តព្រៃវែង បន្ដអំពាវនាវដល់ប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៕