(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះលោក តាំង សុន្នី បានសរសេរបំភ្លឺឡើងវិញ ពាក់ព័ន្ធការចុះផ្សាយព័ត៌មានខុសការពិត និងចោទប្រកាន់លោក ហូ សិទ្ធី នាយខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរឿងចាក់អាចម៌ដីលុប និងសាងសង់សំណង់រឹងមាំ នៅស្រុកស្រែអំបិល ខេត្តកោះកុង។

ខាងក្រោមជាខ្លឹមសារទាំងស្រុងនៃសេចក្តីបំភ្លឺ៖

ខ្ញុំបាទ តាំង សុន្នី សូមធ្វើការបំភ្លឺ និងសូមអភ័យទោសដល់សាធារណៈជនក្នុង និងក្រៅប្រទេសឲ្យបានជ្រាបថា៖ កាលពីពេលថ្មីៗនេះ ខ្ញុំបានសរសេររឿងមួយបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុករបស់ខ្ញុំ ពាក់ព័ន្ធរឿងការចាក់អាចម៍ដីលប់ និងការសង់សំណង់រឹងមាំ នៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដែលថាមានជាប់ព័ន្ធនឹង ឯកឧត្តម ហូ សិទ្ធី នាយខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រោយពីខ្ញុំបាទ បានស្វែងរកប្រភពព័ត៌មានបន្ថែមដែលច្បាស់ការណ៍ជុំវិញរឿងរ៉ាវខាងលើនេះ ឃើញថា ការចាក់ដី និងការសាងសង់សំណង់រឹងមាំនេះ មិនមានជាប់ពាក់ព័ន្ធនឹងឯកឧត្តម ហូ សិទ្ធី នោះឡើយ។

ខ្ញុំបាទ ពិតជាមានការសោកស្តាយយ៉ាងខ្លាំង និងសូមអភ័យទោសដល់ឯកឧត្តម ហូ សិទ្ធី ចំពោះការយល់ច្រឡំនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម។ ខ្ញុំបាទសូមសន្យាថា នឹងមិនឲ្យមានកំហុសឆ្គងបែបនេះកើតឡើងនៅថ្ងៃក្រោយទៀតឡើយ។

ទន្ទឹមនឹងនេះ ខ្ញុំក៏មានការសោកស្តាយដែលអង្គភាពព័ត៌មាន ក្រៅប្រទេសមួយឈ្មោះថា THE CAMBODIA DAILY ដែលបានដកស្រង់ខ្លឹមសារនេះធ្វើជាមូលដ្ឋាន យកទៅផ្សព្វផ្សាយបន្ត ក្នុងគោលបំណងបម្រើផលប្រយោជន៍ខ្លួន ឬអ្វីផ្សេងទៀត ទាំងដែលពុំបានសុំការអនុញ្ញាតពីរូបខ្ញុំនោះឡើយ។

ដូច្នេះ ខ្ញុំសូមស្នើឲ្យអង្គភាពព័ត៌មានមួយនេះ ធ្វើការផ្សាយកែតម្រូវឡើងវិញជាបន្ទាន់ ចៀសវាងសាធារណៈជនមានការយល់ច្រឡំ លើរូបឯកឧត្តម ហូ សិទ្ធី បន្តទៀត។

សូមអរគុណ! កោះកុងថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១