(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ជា សុមេធី អភិបាលខេត្តនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខដល់ប្អូនៗ ក្មួយៗ កុមារកំព្រា នៅក្នុងភូមិ អេស អូ អេស (SOS) ខេត្តព្រៃវែង។

លោក យ៉ាវ សុធី នាយករង ភូមិកុមារ SOS ខេត្តព្រៃវែង បានឱ្យដឹងថា ភូមិកុមារ SOS មានទំហំជាង១ហិកតា ស្ថិតនៅក្នុងភូមិ ០១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សមេ្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ភូមិកុមារ SOS ព្រៃវែង បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ និងបានបិទបញ្ចប់ការសាងសង់នៅ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយក៏បានគ្រោងដាក់សម្ភោធឱ្យប្រើប្រាស់នៅខែ មេសា ឆ្នាំ២០២០ ប៉ុន្តែដោយសារការរាតត្បាតជំងឺកូវីដ១៩ ការសម្ភោធនេះត្រូវបានពន្យារពេលមកដល់បច្ចុប្បុន្ននេះ។

លោកបន្តទៀតថា តាមរយៈការទំនាក់ទំនងល្អ និងសហប្រតិបត្តិការណ៍យ៉ាងជិតស្និទ ដោយស្ថិតក្រោមការចង្អុលបង្ហាញពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំង១៣ស្រុក/ក្រុង ក្នុងខេត្តព្រៃវែង ដើម្បីផ្សព្វផ្សាយ និងជ្រើសរើសកុមារកំព្រា និងកុមារដែលមិនមានឪពុកម្តាយថែរក្សា ចាប់ពីចុងឆ្នាំ២០១៩ មកទល់នឹងបច្ចុប្បន្នភូមិកុមារ SOS ព្រៃវែង បានដំណើការចិញ្ចឹមបីបាច់ និងថែរក្សាកុមារកំព្រា កុមារដែលបាត់បង់ការថែទាំពីឪពុកម្តាយ និងកុមារដែលត្រូវបានគេបោះបង់ចោលចំនួន ២២នាក់ (ស្រី០៩នាក់) នៅក្រោមការមើលថែរបស់អ្នកម្តាយ០៣នាក់ អ្នកមីង ០១នាក់ និង បុគ្គលិក ០៧នាក់ កំពុងបំរើការងារ។

លោកបានបន្ថែមថា ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាព និងការការពារពីជំងឺកូវីដ១៩ បុគ្គលិក អ្នកម្តាយ ព្រមទាំងកុមារទាំងអស់ ត្រូវបានបង្ហាត់បង្រៀន និងណែនាំឱ្យអនុវត្តន៍តាមអនុសាសន៍នៃរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ជាប្រចាំ។ កុមារទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យចេញលេងនៅខាងក្រៅភូមិ និងមិនអនុញ្ញាតឱ្យសាច់ញាតិ ម្ចាស់ជំនួយ ឬភ្ញៀវជាតិ និងអន្តរជាតិចូលមកក្នុងភូមិឡើយក្នុងកំឡុងពេលមានជំងឺកូវីដ១៩ រាតត្បាតនេះ ។

លោកបានបន្តថា ក្នុងនោះអង្គការក៏មានផែនការក្នុងឆ្នាំបន្ទាប់ធ្វើការជ្រើសរើសអ្នកម្តាយបន្ថែម០៥នាក់ អ្នកមីង ០៣នាក់ និងកុមារ ៤០នាក់ ទៀត ដើម្បីបើកដំណើរការផ្ទះគ្រួសារចំនួន ០៥បន្ថែមទៀតចាប់ផ្តើមដំណើរការកម្មវិធីពង្រឹងគ្រួសារ ដើម្បីឧប្បត្ថមគាំទ្រដល់កុមារក្រីក្រក្នុងសហគមន៍ចំនួន១៥០នាក់ និងកុមារកំព្រាចំនួន ៥០នាក់បន្ថែមទៀត។

ថ្លែងនៅក្នុងឱកាសការចុះសួរសុខទុក្ខនោះ លោកវង សូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់អង្គការ ភូមិកុមារ អេស អូ អេស (SOS) ខេត្តព្រៃវែង ដែលបានគិតគូរយកចិត្តទុកដាក់ជួយគាំទ្រ ចិញ្ចឹមបីបាច់ថែរក្សាដល់កុមារកំព្រា និងកុមារដែលមិនមានឪពុកម្ដាយថែរក្សានៅក្នុងខេត្តព្រៃវែងបានយ៉ាងល្អមានទាំងផ្ទះ ស្នាក់នៅស្អាតប្រណិត អាហារហូបចុក។

លោករដ្ឋមន្ត្រីក៏បានបន្តទៀតថា ភូមិកុមារ អេស អូ អេស (SOS) ព្រៃវែង បានផ្តល់នូវឱកាសជាថ្មីម្តងទៀតដល់កុមារទាំងអស់ នូវការរស់នៅជាបរិយាកាសគ្រួសារដ៏យូរអង្វែង ដែលមានអ្នកម្តាយ បងប្អូនប្រុស-ស្រី ផ្ទះ និងភូមិ ប្រកបដោយភាពកក់ក្តៅ សប្បាយរីករាយ និងសុវត្ថិភាព។ កុមារទទួលបានការទំនុកបម្រុងយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយ ទាំងអាហារហូបចុកប្រចាំថ្ងៃ សម្លៀកបំពាក់ ការសិក្សាអប់រំ សេវាថែទាំសុខភាពជាដើម ដូចគ្រួសារដើមដទៃៗទៀត នៅក្នុងសហគមន៍ផងដែរ។

លោករដ្ឋមន្ត្រី ក៏សូមផ្ដាំផ្ញើដល់ក្មួយៗ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្ រដើម្បីជាចំណេះដឹង ជាសសរទ្រូង ជាស្ពាន ដើម្បីចម្លង ខ្លួនយើងឱ្យជៀសផុតពីអវិជ្ជា ពីភាពក្រីក្រ ពីភាពលំបាកនៅពេលអនាគត។

លោកក៏បានផ្ដាំផ្ញើដល់ម៉ែដោះអ្នកមើលថែទាំទាំងអស់ នៅក្នុងភូមិ កុមារ អេស អូ អេស (SOS) ខេត្តព្រៃវែងនេះ ត្រូវតែបន្តអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នៅវិធានការ «៣កុំ ៣ការពារ» ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្ការទប់ស្កាត់ នៃការឆ្លងជំងឺ១៩ នៅក្នុងភូមិកុមារ អេស អូ អេស (SOS) របស់យើងនេះផងដែរ។

ក្នុងនោះលោករដ្ឋមន្ត្រីក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកថែទាំនៅក្នុងភូមិកុមារ អេស អូ អេស (SOS) នោះផងដែរ៕