(កំពង់ឆ្នាំង)៖ ការរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ បានបង្កការអុកឡុកនៅគ្រប់ទីកន្លែង ដោយឡែកខេត្តកំពង់ឆ្នាំង ក៏ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល បន្តរកឃើញអ្នកវិជ្ជមានជាបណ្ដើរៗ ខណៈដែលអ្នកពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលក៏បាននាំគ្នាសម្រុកមកយកសំណាកជាហូរហែរ នៅមន្ទីរសុខាភិបាលខេត្ត ក្នុងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា តាំងពីថ្ងៃទី១១ ខែឧសភា មកដល់ថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១២នាក់ ក្នុងនោះ៩នាក់ ត្រូវបានក្រសួងប្រកាសជាផ្លូវការ។ រីឯ៣នាក់ទៀតទើបតែរកឃើញនៅព្រឹកថ្ងៃទី១៣ ខែឧសភានេះ។

លោកបានឲ្យដឹងទៀតថា អ្នកជំងឺទាំងអស់ត្រូវបានដឹកយកទៅព្យាបាលនៅស្រុកកំពង់ត្រឡាច ចំពោះអ្នកដែលបានពាក់ព័ន្ធផ្ទាល់ជាមួយនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ទាំងអស់ខាងលើនេះ បន្ទាប់ពីពិនិត្យសំណាកលើកទីមួយអវិជ្ជមាន បានឲ្យពួកគាត់នៅធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន។ ចំណែក អ្នកដែលមិនមានបន្ទប់សម្រាប់ធ្វើចត្តាឡីស័កនៅផ្ទះទេ ត្រូវបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលផងដែរ។

បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ លោកវេជ្ជបណ្ឌិតក៏សុំអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ។ ពិសេសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធជាមួយនឹងអ្នកជំងឺទាំងអស់ខាងលើនេះ រួសរាន់មកពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងរាល់ម៉ោងធ្វើការ ដើម្បីចៀសវាងការឆ្លងរីករាលដាលខ្លួនយើង កូនចៅយើង ក្រុមគ្រួសារយើង ពិសេសគឺការពារកុំឲ្យរីករាលដាលចូលក្នុងសហគមន៍របស់យើង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថា នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យតេជោទឹកហូត នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កក្នុងមណ្ឌលខាងលើនេះ ចំនួន៧០នាក់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីពួកគាត់បានធ្វើចត្តាឡីស័ក អនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ននៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យតេជោទឹកហូត ដែលមានទីតាំងស្ថិតក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន ១០៣នាក់ទៀត។

បើតាមលោក ប្រាក់ វ៉ុន, ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១៣ ខែឧសភានេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៣នាក់ ក្នុងនោះជាសះស្បើយ៤នាក់ និងស្លាប់២នាក់៕