(សៀមរាប)៖ ខេត្តសៀមរាបបានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួនម្នាក់ទៀត នៅថ្ងៃទី១៣ ខែឧសភានេះ។ អ្នកជំងឺថ្មីនេះ បានរកឃើញកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក និងដែលមានប្រវត្តិទើបវិលត្រឡប់មកពីរាជធានីភ្នំពេញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន អ្នកជំងឺមានឈ្មោះ ឆុង សូលីដា ភេទស្រី អាយុ៣៥ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដឺ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ ដោយសារ ឈ្មោះ ឆុង សូលីដា និងអ្នករួមដំណើរបានចេញពីតំបន់ក្រហម នៃរាជធានីភ្នំពេញ ទើបក្រុមគ្រូពេទ្យបានតម្រូវឱ្យធ្វើចត្តាឡីស័ក។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានជម្រាបជូនដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៣ ខែឧសភា នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕