(រតនគិរី)៖ ដោយមើលឃើញថាផ្លូវថ្នល់ គឺជាសរសៃឈាមដែលពុំអាចខ្វះបានក្នុងការសម្រួលដល់ការធ្វើដំណើរ ដឹកកសិផល សិស្សានុសិស្សទៅសាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តរតនគិរី បាននឹងកំពុងបន្តសកម្មភាពយ៉ាងមមាញឹកលើការងារកាត់ ជួសជុលកែលម្អរលើកំណាត់ផ្លូវនានាក្នុងខេត្ត ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យបានរួចរាល់មុនរដូវវស្សាចូលមកដល់។

បើតាមលោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ដើម្បីជំរុញសេដ្ឋកិច្ចឱ្យមានការរីកចម្រើនប្រសើរឡើង មន្ទីរកំពុងជំរុញការសាងសង់ និងជួសជុលបណ្តាញផ្លូវនានា នៅក្នុងខេត្តជាពិសេសកំណាត់ផ្លូវពីក្រុងបានលុង ឆ្ពោះទៅកាន់ស្រុកទាំង៨។

យ៉ាងណាមិញ ជាអាទិភាពដែលមន្ទីរកំពុងតែបន្តការងារកែសម្រួល កិនបង្ហាប់ ចាក់ដីល្បាយថ្ម នៅចំណុចភ្នំវែង ផ្លូវលេខ៧៨-៥ ព្រោះចំនុចនេះមានភ្នំចោទខ្ពស់ប្រជាពលរដ្ឋមានការលំបាកខ្លាំង។ នៅចន្លោះគីឡូម៉ែត្រលេខ០០០ ដល់៦៥០ លើផ្លូវនេះដដែល កំពុងពន្លឿនការស្រោចកៅស៊ូជះខ្សាច់ និងរៀបខឿនសម្រួលចរាចរណ៍។ ក្រុមការងារបច្ចេកទេសកំពុងតែបន្តការរៀបចំកែលម្អរប្រព័ន្ធលូ បញ្ជៀសទឹក និងស្តារកាយសំរាមចេញពីលូជៀសវាងកកស្ទះនៅពេលមានភ្លៀង។ លើសពីនេះទៅទៀតក្រុមការងារក៏បានបន្តជួសជុល ថែទាំផ្លូវលេខ៧៨ និង៧៦ ដោយបានកាត់សំអាតស្មៅតាមដងផ្លូវគូសគំនូសចរាចរណ៍ឡើងវិញ។

លោកប្រធានរូបនេះ បានបន្ថែមថា ក្រៅពីការស្ថាបនា ជួសជុលផ្លូវក្នុងគម្រោង ក្នុងនោះមន្ទីរបានសហការជាមួយនឹងអាជ្ញាធរភូមិឃុំដើម្បីជួសជុលផ្លូវក្រាលគ្រួសក្រហមបានមួយចំនួនដូចជា ផ្លូវប្រវែង១,២០០ម៉ែត្រ ក្នុងភូមិ៤ សង្កាត់កាចាញ, ផ្លូវលំប្រវែង៧៥០ ក្នុងភូមិអូររមៀត, ផ្លូវប្រវែង៣៥០ ក្នុងភូមិឡូន សង្កាត់យក្សឡោម ដែលផ្លូវទាំងនេះជាការសំណូមពររបស់ប្រជាពលរដ្ឋ និងក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ។

ជាមួយគ្នានេះផងដែរ ប្រធានមន្ទីរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាផ្លូវដែលយើងប្រើប្រាស់ ព្រោះការស្វែងរកថវិកាមកសាងសង់ គឺពិតជាលំបាក រីឯការជួសជុល ថែទាំវាគឺជារឿងលំបាកមួយទៀត ហេតុដូចនេះចូលយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ កុំដឹកលើសទម្ងន់កំណត់ រាល់ការសាងសង់សំណង់ផ្សេងៗ មេត្តាកុំរំលោភយកចិញ្ចើមផ្លូវ និងរាយការណ៍ជាបន្ទាន់ប្រសិនជាមានការខូចខាត បាក់ដើមឈើកាត់ផ្លូវ និងការកកស្ទះលូនៅចំណុចណាមួយ៕