(ភ្នំពេញ)៖ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នៅគេហដ្ឋានសពស្ថិតនៅផ្ទះលេខ៣៥ ផ្លូវ២៨៥ កែងនឹងផ្លូវ៥៥៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងនាមតំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូ តំណាងឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុយ សាន បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសេចក្ដីសង្វេគជាទីបំផុត ជាមួយលោកស្រី ឈរ ណារី ត្រាំ អ៉ីវតឹក ព្រមទាំងក្រុមគ្រួសារ និងបានលំឱនកាយ វាចាចិត្តឧទ្ទិស បួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក សូមឱ្យបានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយ រោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។

បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពរបស់ លោកនឹងត្រូវបូជា នៅមេរុ មុខវត្តបុទុមវត្តី ដូចទៅនឹងឥស្សរជនជាន់ខ្ពស់ដទៃទៀតដែរ៕