(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹងស្ដីពីការប្រមូលផ្ដុំគ្នាតវ៉ារបស់ប្រជាពលរដ្ឋ ឈានដល់ការបិទផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ (ដីចម្ការបារាំង) ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ដែលបានកើតឡើងនៅថ្ងៃព្រហស្បតិ៍នេះតែម្ដង ហើយក្នុងនោះក៏បានបណ្ដាលឱ្យពលរដ្ឋម្នាក់ត្រូវគ្រាប់កាំភ្លើងរបស់យោធា១គ្រាប់។

នៅក្នុងសេចក្ដីជូនដំណឹងបានបកស្រាយថា ដីចម្ការបារាំងនោះ គឺជាដីរដ្ឋ ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំមួយផ្នែក សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យការពារជាតិ និងមួយផ្នែកទៀតប្រើប្រាស់សម្រាប់វិស័យបរិស្ថាន ពោលគឺត្រៀមទុកជាទីតាំងសម្រាប់ដាក់សំរាម និងសំណល់រឹងចុងក្រោយកម្រិតតំបន់។

ទន្ទឹមនឹងនេះ ក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ក៏បាននិងកំពុងខិតខំសិក្សាស្រាវជ្រាវ ដើម្បីឈានដល់ការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផល ពិតប្រាកដក្នុងរង្វង់ដីចម្ការបារាំង ដែលមានទំហំប្រមាណ ២៨០ ហិកតា។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល៖