(កំពង់ធំ)៖ អាងស្តុកទឹកមានទំហំ១០០ហិកតា សម្រាប់ទុកអោយប្រជាពលរដ្ឋធ្វើស្រែ​ ដែលកសាងឡើង ដោយក្រសួងធនធានទឹក​ កាលពីឆ្នាំ២០០៥នៅ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ត្រូវបានក្រុមមន្ត្រីខិលខូច និងឈ្មួញទុច្ចរិតឃុបឃិតគ្នា លក់ទៅអោយឯកជន កាន់កាប់តែសំណាងល្អ ដោយសារឈ្មួញអ្នកទិញ មានពីរបីម្ចាស់ទើបធ្វើអោយកើតមានទំនាស់ប្ដឹងផ្ដល់គ្នា ក៏ធ្លាយរឿងគេលក់អាងស្តុកទឹកសាធារណៈនេះ ចេញមកក្រៅដូចបែកពាងប្រហុកតែម្ដងទៅ។

យោងតាមព័ត៌មានដែលសរសេរបង្ហោះនៅលើហ្វេសប៊ុក របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះបានអោយដឹងថា អាងស្តុកទឹកចុងសារ៉ាយ ឬហៅថា អាងទឹកច្រកសណ្ដាយ ដែលមានទីតាំងស្ថិតនៅភូមិរពាក់ពេន ឃុំទ្រា ស្រុកបារាយណ៏ ខេត្តកំពង់ធំមានទំហំ១០០០ម៉ែត្រគុណ ១០០០ម៉ែត្រស្មើរ១០០ហិកតា កសាងឡើងដោយក្រសួងធនធានទឹក កាលពីឆ្នាំ២០០៥ ក្រោមការឧបត្ថម្ភពីមូលនិធិរបស់អង្គការ ifad សម្រាប់ផ្គត់ផ្គង់ទឹកដល់ដីស្រែ របស់ប្រជាកសិករ នៅតំបន់នោះប្រមាណ៣៥០ហិកតា ត្រូវបានមនុស្សមានឥទ្ធិពល និងមានបក្ខពួកមួយក្រុមសមគំនិតគ្នា លួចលក់អោយទៅឈ្មួញមានប្រាក់ រហូតបង្កទៅជាជម្លោះប្ដឹងផ្ដល់គ្នា ទៅដល់តុលាការទៀតផង។ ក្រោយបែកធ្លាយ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា គ្មានជនណាមានសិទ្ធិ លក់ដូរទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋនោះឡើយ។

ព័ត៌មានបានបង្ហើបអោយដឹងថា ករណីគេឃុបឃិតគ្នា លួចលក់អាងស្តុកទឹកធ្វើស្រែ របស់ប្រជាពលរដ្ឋ ទៅអោយឯកជននេះ គឺភាគច្រើនពាក់ព័ន្ធមន្ត្រីអាជ្ញាធរ នៅក្នុងខេត្តតែម្ដង ហើយអាចមានមន្ត្រីមានឥទ្ធិពលនៅពីក្រោយខ្នងកាង អោយថែមទៀតផង ទើបពួកឈ្មួញហ៊ានបោះលុយទិញយ៉ាងដូច្នេះ ដោយក្នុងនោះគេដឹងថា ក្មួយអភិបាលស្រុកបារាណ៏ម្នាក់ ក៏អាចពាក់ព័ន្ធក្នុងរឿងនេះផងដែរ។

សូមបញ្ជាក់ថា នៅក្នុងរដូវប្រាំង និងវស្សាខាងមុខនេះ ដោយសារអាកាសធាតុមិនអំណោយផល មិនមានភ្លៀងកក់ខែច្រើនបូករួមរដូវវស្សាភ្លៀងធ្លាក់ ពន្យារពេលនិងមានកូនរដូវប្រាំង នៅក្នុងរដូវវស្សាផងនឹងនាំអោយខ្វះខាតទឹកសំរាប់ប្រើប្រាស់ និងសំរាប់ធ្វើស្រែចំការ។ ដូច្នេះហើយក្រសួងធនធានទឹក ក៏ដូចជារាជរដ្ឋាភិបាល បានចេញសេចក្ដីជូនដំណឹង ជាបន្តបន្ទាប់សូមអោយមន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋនាំគ្នារក្សាប្រភពទឹក ទុកសំរាប់ប្រើប្រាស់ និងធ្វើស្រែចំការជាដើម។ ប៉ុន្តែខណៈរាជរដ្ឋាភិបាល និងក្រសួងធនធានទឹកអំពាវនាវ អោយរក្សាប្រភពទឹកទុកនោះ បែរជាធ្លាយរឿងមានមន្ត្រី និងឈ្មួញខិលខូចនាំគ្នាលួចលក់អាងស្តុកទឹក សាធារណៈសំរាប់ទុកអោយប្រជាពលរដ្ឋធ្វើស្រែទៅវិញ។ ដូចនេះរាជរដ្ឋាភិបាលគួរតែវែករកមុខមន្ត្រីខិលខូច និងឈ្មួញទុច្ចរិតយកទៅផ្ដន្ទាទោស តាមច្បាប់អោយខាងតែបានដើម្បីកុំអោយអ្នកដ៏ទៃ យកគំរូតាម៕