(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្ម នៅខេត្តយូណាន់ ប្រទេសចិន រយៈពេល៦ថ្ងៃ នៅខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។ ក្រសួងបានអំពាវនាវដល់ពាណិជ្ជករ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាសនៅកម្ពុជា ឲ្យចូលរួមតាំងពិរណ៍ បង្ហាញផលិតផលនៅក្នុងពិព័រណ៍មួយនេះផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នៅថ្ងៃទី១២-១៧ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងពាណិជ្ជកម្មចិន ជាមួយនិងខេត្តយូណាន់ នឹងរៀបចំពិព័រណ៍ពាណិជ្ជ កម្មចិន-អាស៊ី ខាងត្បូងលើកទី៤ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ-នាំចូលគុនមិញលើកទី២៤ ដែលពិព័រណ៍នេះធ្វើឡើង នៅទីក្រុងគុនមិញ។

បើតាមក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ពិព័រណ៍នេះនឹងមានការចូលរួមពីបណ្តាក្រុមហ៊ុន និងសហគ្រាសនានា ដែលមកពីបណ្តា ប្រទេសភូមិភាគអាស៊ីអាគ្នេយ៍ និងភូមិអាស៊ីខាងត្បូង ព្រមទាំងបណ្តាប្រទេសលើពិភពលោកជាច្រើន ដើម្បីបង្ហាញនូវផលិតផលចម្រុះ រួមមានសេវាកម្ម និងគម្រោងវិនិយោគជាច្រើនផ្សេងទៀត។

ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ដេលមានបំណងចូលរួមពិព័រណ៍ផ្សព្វផ្សាយផលិតផល ឬស្វែងរក ដៃគូពាណិជ្ជកម្មក្នុងពិព័រណ៍ ឲ្យទាក់ទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មចាប់ ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦៕