(កំពត)៖ អាជ្ញាធរខេត្តកំពត បានរៀបចំបើកកិច្ចប្រជុំរៀបចំឯកសារកាត់ផ្តល់ជូនប័ណ្ណដីធ្លីជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ដែលបាននិងកំពុងរស់នៅលើដីរដ្ឋយូរឆ្នាំ ក្នុងភូមិសាស្ត្រខេត្តកំពត។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីលោក ជាវ តាយ អភិបាលខេត្តកំពត ដោយចូលរួមពីភិបាលរងខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ពាក់ព័ន្ធមួយចំនួន ក្នុងខេត្ត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងកិច្ចប្រជុំនោះលោក ឡាយ សុធា នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានបញ្ជាក់ថា កន្លងមកមានមន្ទីរ អង្គភាព ដែលបានដាក់ពាក្យសុំ កាត់ដីចេញពីបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ និងកងកម្លាំង ដែលបានកាន់កាប់រស់នៅអាស្រ័យផលជាយូរឆ្នាំនៅលើដីរបស់រដ្ឋ មានសរុបចំនួន ៨អង្គភាព រួចមកហើយ ហើយបច្ចុប្បន្នមានចំនួន ៦អង្គភាពទៀត កំពុងដាក់ពាក្យស្នើសុំបន្ថែម។

ក្នុងនោះមានមន្ទីរអប់រំ យុវជន និងកីឡាខេត្តុំមានចំនួន ១១ទីតាំង មាន១៧កន្លែង ស្មើ ១៥៥គ្រួសារ, សង្កាត់ក្រាំងអំពិល នៃក្រុងកំពត មាន ០១ទីតាំង មាន៣កន្លែង ស្មើ៣២គ្រួសារ, វិទ្យាល័យហ៊ុនសែនឈូក មានចំនួន ០១កន្លែង ស្មើ ២០គ្រួសារ, រោងចក្រជីហ្វូស្វាតនៃស្រុកបន្ទាយមាស ០១កន្លែង ស្មើ៩០គ្រួសារ, អតីតដី និងអគារការិយាល័យពាណិជ្ជកម្មស្រុកកំពង់ត្រាច មាន ០១កន្លែង ស្មើ ០៨គ្រួសារ, សាលាខេត្តថ្មី ដែលអតីតតៈផ្ទះមុខងារខេត្ត ក្រុងកំពត ០១កន្លែងស្មើ ១គ្រួសារ។ បច្ចុប្បន្ន សំណើរទាំងអស់នេះ ខ្លះនៅមិនទាន់មានឯកសារគ្រប់គ្រាន់ត្រឹមត្រូវតាមនីតិវិធីច្បាប់នៅឡើយ។

លោក ជាវ តាយ បានបន្ថែមថា បញ្ហាការផ្ដល់កម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ គឺជាគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នជំនាញ ពាក់ព័ន្ធ តែងតែបាននឹងកំពុងយកចិត្តទុកដាក់ ជំរុញអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ពាក់ព័ន្ធនឹងការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ឬដីលំនៅដ្ឋានស្របច្បាប់ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំង ដែលត្រូវកាត់ចេញពីដីសារពើភ័ណ្ឌរបស់រដ្ឋ ដែលពួកគាត់រស់នៅកាន់កាប់យូរឆ្នាំមកហើយនោះ គឺសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងបានដាក់ចេញគោលការណ៍ណែនាំ ផ្អែកតាមច្បាប់គតិយុត្តនានា ឱ្យរាជធានី ខេត្ត អនុវត្តកាត់ឆ្វៀលជូនពួកគាត់ ឱ្យកាន់តែបានឆាប់រហ័សស្របតាមលក្ខណៈច្បាប់។

លោកអភិបាលខេត្ត បានបន្តថា «ប៉ុន្តែ ដោយឡែកពាក់ព័ន្ធការអនុវត្តន៍ ផ្ដល់ប័ណ្ណកម្មសិទ្ធិនៃការកាត់ដីចេញពីសារពើភ័ណ្ឌរបស់រដ្ឋ ឱ្យស្របតាមលក្ខណៈច្បាប់សម្រាប់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងនៅក្នុងខេត្តកំពត កន្លងមក មានលក្ខណៈស្មុគស្មាញ អូសបន្លាយយូរឆ្នាំ ពីអាណត្តិអភិបាលខេត្តមួយ ទៅអភិបាលខេត្តមួយ។ ដូច្នេះ ដើម្បីជំរុញការងារឱ្យបានសម្រេចឆាប់រហ័សបញ្ចៀសបាននូវបញ្ហាប្រឈមនានាបន្តទៀត»

លោក ជាវ តាយ ក៏បានសំណូមពរ ឱ្យជំនាញ និងអាជ្ញាធរពាក់ព័ន្ធ លើកជាបញ្ហាក្នុងកិច្ចប្រជុំ ដើម្បីរួមគ្នាពិនិត្យពិភាក្សា និងវាយតម្លៃលើទីតាំងដីនីមួយៗជាក់ស្ដែង សម្រាប់បានជាមូលដ្ឋានក្នុងការជំរុញដល់អ្នកកាន់កាប់អាស្រ័យផល រៀបចំឯកសារគ្រប់គ្រាន់ត្រឹមត្រូវ ដាក់ពាក្យស្នើសុំឱ្យបានស្របតាមនីតិវិធីច្បាប់ ប្រកបដោយតម្លាភាព បញ្ចៀសបាននូវការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋ ដើម្បីផ្ដល់ភាពកក់ក្ដៅ ជូនអ្នកកាន់កាប់ ពោលគឺប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងដែលបានអាស្រ័យផលរស់នៅជាក់ស្ដែង ផុតក្ដីកង្វល់បារម្ភបន្តទៀត សម្រាប់ពួកគាត់៕