(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលសម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងបានរួមចំណែកយ៉ាងខ្លាំងក្លាជួយដល់រាជរដ្ឋាភិបាល ក្នុងកាអភិវឌ្ឍប្រទេសជាតិ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុងឆ្លងកាត់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងកោតសរសើរដូចនេះនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចូលជួប សម្តែងការគួរសមសម្តេច ដើម្បីគោរពរាយការណ៍ជូនអំពីសមិទ្ធផលការងារសម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមអមដំណើរ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងជាច្រើនរូបផងដែរ។

ថ្លែងក្នុងរបាយការណ៍គោរពជូនសម្តេចវិបុលសេនាភក្តី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅកាងារឆ្នាំ២០២១ របស់ក្រសួងដែលរួមមាន៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគត ទាក់ទងនឹងកាសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវពីផ្លូវពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូផ្លូវ (AC) ស្របតាមបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចជាតិ ក្នុងនោះរួមមាន៖ គម្រោងសាង សង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ៥ និងបណ្តាញផ្លូវជាតិជាច្រើនទៀត។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងស្នើសុំបង្កើតគណៈកម្មការគ្រប់គ្រងដីចំណីផ្លូវ គម្រោងសាងសង់ស្ពានក្រចេះ ការទិញបានគ្រឿងចក្រ ត្រួតពិនិត្យ គុណភាពស្ពាន ការងារសុវត្ថិភាពចរាចរណ៍ បានបង្កើតមណ្ឌលសេវាសាធារណៈដើម្បីបង្ខិតសេវាទៅកៀកនឹងប្រជាពលរដ្ឋ, ការចេញបណ្ណបើកបរអន្តរជាតិ សម្រាប់៩៩ប្រទេស, បានធ្វើការជាមួយក្រសួងសង្គមកិច្ចចេញបណ្ណបើកបរជូនជនពិការ តភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋាន គយ និងពន្ធដារ ដើម្បីត្រួតពិនិត្យ ការក្លែងបន្លំពន្ធ និងងាយស្រួលក្នុងការប្តូរកម្មសិទ្ធិយានយន្ត។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងក៏បានដាក់ឱ្យដំណើរការសាលាបង្រៀនបើកបរធ្ងន់ធ្ងរ បានដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេស ផ្ទាល់ខ្លួនបានចំនួន៥៧០០ផ្លាក ដែលមាន QR Code ទទួលបានថវិកា៤៦ពាន់លានរៀលចូលថវិកាជាតិ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីរឹតបន្តឹង និងទប់ស្កាត់ការ ដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ គម្រោងដាក់ឱ្យដំណើរការកម្មវិធីកាត់បន្ទុកបណ្ណបើកបរតាមរយៈទូរសព្ទដៃជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ដែរថា ក្រសួងក៏បានសហការជាមួយទីភ្នាក់ងារ JICA ដើម្បីបង្កើតគម្រោងកំពង់ផែ Port EDI គម្រោងសាងសង់ កំពង់ផែសមុទ្រទឹកជ្រៅ ១៤.៥ម៉ែត្រ ត្រៀមនឹងបញ្ចប់ឆ្នាំ២០២៥ គម្រោងពង្រីកកំពង់ផែស្វ័យតក្រុងភ្នំពេញ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍នៅកំពត បានរៀបចំ យុទ្ធសាស្ត្រ សម្រាប់ការដឹកជញ្ជូនតាមផ្លូវដែក បានពិភាក្សាជាមួយភាគី វៀតណាមដើម្បីតភ្ជាប់ផ្លូវដែកពីហូជីមិញមកបាវិត-ម៉ុកបៃ។

ជាមួយគ្នានោះផងដែរ បានបញ្ចប់គម្រោងសិក្សាសាងសង់រថភ្លើង Monorail និងរថភ្លើងក្រោមដី (Subway) ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ
បានបញ្ចប់ផែនការមេភស្តុភារកម្មដើម្បីទាក់ទាញវិនិយោគិន និងដើម្បីប្រែក្លាយកម្ពុជាជាកន្លែងស្តុកទំនិញឆ្លងកាត់ និងជាតំបន់ចែកចាយទំនិញនៅក្នុងតំបន់ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរី ដើម្បីបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងបានបង្កើតផែនការមេសម្រាប់គ្រប់ គ្រងទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងសុខមាលភាពសាធារណៈផងដែរ។

ស្របពេលជាមួយគ្នានេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានកើតសរសើរ និងបានស្នើឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងថ្នាក់ដឹកនាំក្រសួងជួយជំរុញ លើកទឹកចិត្តមន្ត្រីរាជការក្រសួងឱ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកគ្រប់ការងារទាំងអស់ ដើម្បីទទួលបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតផងដែរ៕