(ត្បូងឃ្មុំ)៖ ភូមិទន្លូង ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អតីតទីបញ្ជាការដ្ឋានកងវរសេនាធំលេខ២១ និងជាកន្លែងឈរជើងរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បាននឹងកំពុងសាងសង់សំណង់ជាច្រើនទុកជាការចងចាំដល់ដំណើរស្វែងរកការសង្គ្រោះជាតិ និងប្រជាជនកម្ពុជា ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត។

ចេញពីភូមិទន្លូង ឃុំកោះថ្មនេះ កាលពី៤៤ឆ្នាំមុន ពោលគឺនៅម៉ោង៩យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះគេហៅថា «សមមិត្ត ហ៊ុន សែន» និងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូប រួមមានលោក នុច ថន, លោក ញឹក ហ៊ន, លោក សាន សាញ់ និងលោក វ៉ា ប៉ោអៀន បានសម្រេចចិត្តធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រ និងបង្កើតកម្លាំងទ័ពចូលមកវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ដែលជារបបកាប់សម្លាប់ដ៏ឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ផ្តើមចេញពីដំណើរភៀសខ្លួនជ្រែកស្បៃរាត្រីប្រថុយនឹងគ្រោះថ្នាក់ ជាមួយការចាក់ឃ្លាតភរិយា និងកូនប្រុសក្នុងផ្ទៃដ៏សែនឈឺចាប់នោះហើយ នាំឱ្យឈានដល់ការបង្កើតកម្លាំងទ័ពរណសិស្សសាមគ្គីសង្គ្រោះជាតិដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ហើយឈានដល់ការកសាងចលនាដឹកនាំការតស៊ូ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ» នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ ផ្តើមពីដំណើរភៀសខ្លួននេះហើយ ឈានដល់ការវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដោយជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រំដោះបានមកវិញនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសិទ្ធិសេរីភាពក្នុងការរស់រៀន។

ដំណើរភៀសខ្លួនរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ត្រូវចាត់ទុកជាដំណើរតស៊ូដ៏មានគុណតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ព្រោះតែបែបនេះហើយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ បានសម្រេចរៀបចំចងក្រងនូវឯកសារ ក៏ដូចជាសំណង់ទាំងឡាយនៅទីតាំងតម្រាយផ្លូវនៃដំណើរឆ្ពោះរកការតស៊ូរំដោះជាតិនេះ ទុកជាការចងចាំដល់ប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់។

សំណង់ដែលបានលេចចេញជារូបរាងនៅលើកទឹកដីនៃការចាប់ផ្តើមដំណើរតស៊ូរំដោះជាតិនាពេលបច្ចុប្បន្ននេះ រួមមាន៖ អគារសិក្សា, ការកសាងផ្លូវមួយខ្សែតភ្ជាប់ពីអតីតទីបញ្ជាការដ្ឋានវរសេនាធំលេខ២១ ទៅកាន់តំបន់ព្រំដែនកម្ពុជា-វៀតណាម ដែលជាតម្រាយផ្លូវដែលសម្តេចតេជោ និងយុទ្ធមិត្តបានធ្វើដំណើរកាលពី៤៤ឆ្នាំមុន, អគារវេទិកាអចិន្ត្រៃយ៍១ខ្នង, សាលាដំណាក់ ដែលជាទីតាំងសម្តេចតេជោ ហ៊ុន សែន ឈប់សម្រាកដើម្បីបន្តដំណើរចាកចេញទៅប្រទេសវៀតណាម, ស្រះទឹក, ទីលានបាល់ទាត់, ដាំកូនឈើ ប្រភេទឈើទាលចំនួន៦៧៧ដើម, ធ្វើផ្លូវក្រាលថ្មមិច, បំពាក់បង្គោលចង្កៀងគោមប្រើដោយពន្លឺព្រះអាទិត្យចំនួន៥០គ្រឿង។ល។

ក្នុងឱកាសប្រារព្ធពិធីចងចាំដល់ដំណើរតស៊ូរំដោះប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នៅតំបន់X16 ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិទន្លូង ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសរំលេចថា ការសាងសង់នូវសំណង់ទាំងឡាយលើដែនដីនៃដំណើរតស៊ូរំដោះប្រទេសរបស់សម្តេចតេជោ និងយុទ្ធមិត្ត មានគោលបំណងទុកជាប្រវត្តិសាស្រ្តសម្រាប់មនុស្សគ្រប់ជំនាន់។ ជាពិសេសអប់រំយុវជន និងមនុស្សជំនាន់ក្រោយឱ្យបានដឹង និងចងចាំនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្ម។

សំណង់ទាំងនេះ ក៏ដើម្បីរំលឹកដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក មគ្គុទេសក៍ឯក ព្រមទាំងឥស្សរជន ប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ។ បន្ថែមពីលើការសាងសង់សំណង់ទាំងនេះ ក៏ដើម្បីប្រែក្លាយតំបន់ប្រវត្តិសាស្រ្តយោធា «តេជោកោះថ្ម X16» នេះ ទៅជាតំបន់ប្រវត្តិសាស្រ្តសម្រាប់បម្រើឱ្យវិស័យវប្បធម៌ ទេសចរណ៍សេដ្ឋកិច្ច កីឡា ពាណិជ្ជកម្ម ទំនាក់ទំនងមិត្តភាព មានភាពរុងរឿងប្រទេសជាតិ និងប្រជាជនជិតខាងទាំងពីរកម្ពុជា-វៀតណាម សំដៅកសាងព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ការសាងសង់សំណង់ជាការរំលឹក និងចងចាំដល់ដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែធ្វើឡើងនៅលើទឹកដីកម្ពុជាប៉ុណ្ណោះទេ។ នៅលើទឹកដីវៀតណាមឯណោះ ក៏មានការសាងសង់សំណង់មួយចំនួនទុកជាមរតកនៃការចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះផងដែរ។

លើទឹកដីវៀតណាម ភាគីវៀតណាម បានជួយសាងសង់ផ្លូវមួយខ្សែស្ថិតលើតម្រាយផ្លូវដែលសម្តេចតេជោ បានធ្វើដំណើរភ្ជាប់ពីព្រំដែនកម្ពុជាត្រង់ដើមទ្រយឹង ភ្ជាប់រហូតទៅដល់ស្រុកឡុកនិញ ខេត្តសុងប៊ែ ប្រទេសវៀតណាម។ វៀតណាម ក៏បានជួយសាងសង់នូវផ្ទាំងសិលាមួយផ្ទាំងលើទឹកដីវៀតណាមជាប់នឹងព្រំដែននោះផងដែរ។ ផ្ទាំងសិលាដ៏ធំនោះ បានចារឹកនូវទង់ជាតិកម្ពុជា និងវៀតណាម ហើយចារឹកនូវអក្សរកម្ពុជា និងវៀតណាមទន្ទឹមគ្នាផងដែរ។

ផ្ទាំងសិលាបានចារឹកអក្សរបញ្ជាក់នូវកាលបរិច្ឆេទ ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចូលដល់ទឹកដីវៀតណាម ដើម្បីស្វែងរកការតស៊ូរំដោះប្រទេស ដែលខ្លឹមសារទាំងស្រុងថា «នៅទីនេះវេលាម៉ោង ២៖០០នាទីទៀបភ្លឺថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន មេបញ្ជាការកងវរសេនាធំនៃតំបន់២១ នៃភូមិភាគបូព៌ាកម្ពុជា បច្ចុប្បន្នប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសហការី ក្រោយពេលឆ្លងព្រំដែនកម្ពុជា-វៀតណាម ក៏បានឈប់សម្រាកនៅទីនេះរង់ចាំមេឃភ្លឺ ដើម្បីកំណត់ទិសដៅស្វែងរកការជួបកងទ័ព និងប្រជាជនវៀតណាម ក្នុងគោលបំណងស្នើភាគីវៀតណាមជួយគាំទ្រ ដល់ការកសាងកម្លាំងប្រដាប់អាវុធកម្ពុជា សម្រាប់ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»

សម្តេចពិជ័យសេនា ទៀ បាញ់ នៅចំពោះមុខសមភាគី គឺលោកឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ ហ្សាង បានហៅវត្តមានផ្ទាំងសិលាមួយផ្ទាំងនេះ គឺជាជោគជ័យមួយដែលកម្ពុជាចង់បាន ដើម្បីតម្កល់ទុកជាតឹកតាង ជាមរតកប្រវត្តិសាស្ត្រនៃដំណើរតស៊ូរំដោះប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត។

សម្តេចពិជ័យសេនា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខាន់បំផុត ដែលខ្ញុំបានលើកឡើងជាបន្តបន្ទាប់ការធ្វើផ្លូវភ្ជាប់ពីតំបន់ X16 ទៅលើដល់ស្រុកឡក់នីញ នៃសាធារណរដ្ឋសង្កមនិយមវៀតណាម។ ថ្ងៃនេះយើងបានឃើញច្បាស់ សម្រេចបានយ៉ាងល្អប្រពៃបំផុត សំខាន់ជាងនេះទៅទៀត គឺសិលាចារឹកមួយ ដែលយើងតម្រូវការដាក់តាំងឱ្យទាល់តែបាន ដូច្នេះក្នុងរយៈពេលដ៏ខ្លីសិលាចារឹកនេះ ត្រូវបានរៀបចំសម្ពោធនៅក្នុងថ្ងៃនេះ»

ក្រៅតែពីសមិទ្ធផលដែលបាននិងកំពុងបង្ហាញវត្ត ហើយសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាខួប ៤៤ឆ្នាំនៃដំណើរតស៊ូរបស់សម្តេចតេជោហើយនោះ នៅព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងវៀតណាម ក៏បានអញ្ជើញរួមគ្នាបញ្ចុះបឋមសិលាដើម្បីសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាមមួយខ្នងទៀត ដែលមានការជួយគាំទ្រការសាងសង់ពីភាគីវៀតណាមផងដែរ។

ក្រុមការងារក៏គ្រោងនឹងសាងសង់ជាបន្តនូវសំណង់ជាច្រើនផ្សេងទៀតដូចជា រូបនាគពីថ្មភក់ព័ទ្ធជុំវិញស្រះទឹក, ធ្វើរបងពីថ្មភក់ ដោយមានក្បាច់ចម្លាក់, អគារស្នាក់នៅសម្រាប់កងការពារសន្តិសុខ, ចំណតរថយន្ត និងបន្តដាំកូនឈើ។ នៅលើទីតាំងនេះ ក៏បានរៀបចំសាងសង់សារមន្ទីរកោះថ្មមួយខ្នង ដើម្បីតម្កល់ទុកនូវឯកសារពាក់ព័ន្ធនានាក្នុងដំណើរតស៊ូរំដោះជាតិនេះផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ដែរថា សម្តេចនឹងជំរុញដល់ក្រុមការងារខ្លឹមសារឱ្យបន្តខិតខំសិក្សាស្រាវជ្រាវបន្ថែមរកនូវចំណុចប្រវត្តិសាស្ត្រទាំងនៅលើទឹកដីកម្ពុជា និងវៀតណាម ដើម្បីប្រមែប្រមូលឯកសារ ឧបករណ៍ សម្ភារៈយុទ្ធភ័ណ្ឌថែរក្សាទុកដាក់ធ្វើជាវត្ថុតឹកតាងឱ្យកាន់តែរឹងមាំថែមទៀត សម្រាប់យុវជន និងមនុស្សជំនាន់ក្រោយយល់ដឹងជ្រូតជ្រាបបានច្បាស់លាស់ត្រឹមត្រូវនូវប្រវត្តិសាស្ត្រពិត ដែលវិវឌ្ឍទៅតាមដំណាក់កាលនីមួយៗដែលកម្ពុជា និងវៀតណាម បានឆ្លងកាត់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញជំនឿមុតមាំថា គណៈកម្មាធិការខេត្តប៊ិញភឿកនាពេលនេះ នឹងបន្តជំរុញការអភិវឌ្ឍទីតាំងប្រវត្តិសាស្ត្រនៅក្នុងប្រទេសវៀតណាម ឱ្យកាន់តែមានភាពរីកចម្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការជួយគាំទ្រដល់កិច្ចដំណើរការរបស់ក្រុមការងារប្រវត្តិសាស្ត្រកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យប្រវត្តិសាស្ត្រនេះថែមទៀត សម្រាប់ទុកឱ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរសិក្សារៀនសូត្រនាពេលអនាគត៕