(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ លោក សេរី កុសល តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងក្រុមការងារចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ក្នុងអំឡុងពេលជំងឺកូវីដ១៩ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោក សេរី កុសល បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានចុះជួយខេត្តបន្ទាយមានជ័យ ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងឃុំចំនួន២ នៅស្រុកភ្នំស្រុកនេះផងដែរ។

លោកថ្លែងឲ្យដឹងថា ថ្ងៃនេះលោកបាននាំយកអំណោយជាស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងដោយរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដើម្បីជួយដោះស្រាយប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងក្នុងឃុំស្ពានស្រែង ដែលឃុំមួយក្នុងចំណោមឃុំទាំង៦ នៅស្រុកភ្នំស្រុក។

លោកបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋប្រមាណ ៧០នាក់នេះ គឺពិតជាមានការខ្វះខាតជាខ្លាំង ដោយបញ្ហាជំងឺកូវីដផង និងបញ្ហាអាងទឹកដែលស្ថិតក្នុងឃុំផ្ទាល់ ដោយម្នាក់ៗខិតខំយ៉ាងខ្លាំងក្នុងការការពារអាងទឹកដែលប្រឈមនឹងការប៉ះពាល់ពីទឹកជំនន់នាពេលកន្លងទៅ ដោយមើលឃើញពីទុក្ខលំបាកបែបនេះទើបលោក និងក្រុមការងារនាំយកអំណោយទៅចែកជូនក្នុងម្នាក់ៗទទួលបាន ដូចជា អង្ករ ត្រីខ និងសម្ភារម៉ាស ទឹកអាល់កុល និងថវិកាឧបត្ថម្ភក្នុងមួយគ្រួសារចំនួន ២ម៉ឺនរៀល។

លោកបញ្ជាក់ទៀតថា បន្ទាប់ពីធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាកនាពេលនេះរួច លោកមានបន្ថែមនូវនំបញ្ចុកជាង១០០គីឡូក្រាម សម្រាប់បងប្អូនដែលបានចូលរួមទទួលអំណោយបានពិសាររួមគ្នានាពេលនោះផងដែរ។

លោកបន្តថា បន្ទាប់ពីចែកជូននូវអំណោយដល់បងប្អូនរួច លោក និងក្រុមការងារបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបម្រុង និងពេញសិទ្ធិ ប្រមាណជាជាង ១២០នាក់ចូលរួមទូទាំងស្រុកភ្នំស្រុក និងបានរៀបចំឲ្យក្រុមការងារទាំងអស់ត្រៀមរៀបចំការបោះឆ្នោតឃុំ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ដោយឈរលើពាក្យស្លោករបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ថា «ថែរក្សាចាស់ បង្កើតថ្មី»

លោកក៏បានរំលឹកថា បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សានូវសុខសន្តិភាពដែលខ្លួនមានសព្វថ្ងៃនេះ ដែលជាការខិតខំប្រឹងប្រែងយ៉ាងលំបាករបស់សម្ដេចតេជោ ហ៊ុន សែន ទម្រាំយកបាននូវសុខសន្ដិភាពមកជូនប្រជាពលរដ្ឋ ដូច្នេះដាច់ខាតកុំជឿលើការញុះញង់របស់ពួកប្រឆាំង។

លោកបន្តថា សរុបមកវិញបងប្អូនប្រជាពលរដ្ឋទាំង៦ឃុំ ក្នុងស្រុកភ្នំស្រុកទាំងអស់ដែលធ្លាប់ឆ្លងកាត់ការលំបាក់យ៉ាងពិតប្រាកដ ដូច្នេះទើបបានស្គាល់នូវតម្លៃសុខសន្ដិភាពក្រោមគោលនយោបាយ ឈ្មះ-ឈ្មះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញ និងមួយវិញទៀតគឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលប្រទេសជិតខាងមិនអាចធ្វើបាន គឺការរកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដើម្បីធានានូវសុខភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

លោកក៏បានផ្ដាំផ្ញើផងដែរថា ត្រូវយកចិត្តទុកដាក់ធ្វើការងារឲ្យបានល្អបន្តទៀត ដើម្បីឲ្យភូមិ-ឃុំ ស្រុកមានការរីកចម្រើនជាបន្តបន្ទាប់ទៀត។

លោកបន្ថែមថា បន្ទាប់ពីការប្រជុំសំណេះសំណាលគ្នារួម ក្រុមការងារទាំងអស់ក៏បានទទួលនូវអំណោយក្នុងម្នាក់ៗទទួលបានដូចជា អង្ករ ត្រីខ សារុង កាបូបស្ពាយ និងសម្ភារៈម៉ាស ទឹកអាល់កុល រួមនឹងថវិកា២ម៉ឺនរៀល និងបូករួមជាមួយនំបញ្ចុកចំនួន ១២០គីឡូក្រាមសម្រាប់ហូបរួមគ្នានាពេលបញ្ចប់ការសំណេះសំណាលផងដែរ៕