(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នេីដល់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ជួយពិនិត្យលទ្ធភាព ពេលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុរួច អាចអនុញ្ញាតឱ្យប្រជាពលរដ្ឋបានប្រេីប្រាស់សាកល្បងដោយមិនគិតថ្លៃ ក្នុងចន្លោះពី១សប្តាហ៍ ទៅ១ខែសិន ដេីម្បីឱ្យពលរដ្ឋបានស្វែងយល់ពីផ្លូវនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នេីដូចនេះ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោក និងលោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូចំរុះចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន សាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ពេលចាប់ផ្តេីមយកតម្លៃ ក្នុងការប្រេីប្រាស់ផ្លូវ សុំក្រុមហ៊ុន ជួយបញ្ចុះតម្លៃឱ្យបានទាបបំផុត ក្នុងរយៈពេលកំណត់ណាមួយ ដេីម្បីពលរដ្ឋបានប្រេីប្រាស់។ ជារួមរវាងតម្លៃនៃការប្រេីប្រាស់ផ្លូវល្បឿនលឿន នៅទូទាំងពិភពលោក អាចចន្លោះពី១០សេន ទៅ១៥សេន ក្នុងមួយគីឡូម៉ែត្រ ដោយឡែកកម្ពុជា មិនទាន់មានលទ្ធភាពប្រេីប្រាស់ក្នុងតម្លៃនេះនោះទេ ដូចនេះសូមក្រុមហ៊ុន ជួយបញ្ចុះតម្លៃឱ្យបានទាបតាមដែរធ្វេីទៅបាន។

ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ជួយពន្លឿនការងារសាងសង់របស់ខ្លួន ឱ្យបានចប់សព្វគ្រប់នៅខែកញ្ញា ឆ្នាំ២០២២ ផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ មានរបងបិទជិតសងខាងផ្លូវ គោក្របីមិនឆ្លងកាត់បានទេ ហេីយអ្នកបេីកបរ អាចបើកបានក្នុងល្បឿន១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងចំណាយពេលវេលាធ្វើដំណើរប្រមាណ ២ម៉ោងប៉ុណ្ណោះ អាចទៅដល់ក្រុងព្រះសីហនុបានហេីយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ និងបានសំណូមពរឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្នធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងចូលរួមទាំងអស់គ្នាក្នុងការថែរក្សាផ្លូវថ្នល់ឱ្យបានគង់វង្សដើម្បីកាត់បន្ថយការចំណាយថវិការបស់រដ្ឋាភិបាល ដែលរកបានដោយលំបាក។

ជាមួយគ្នានេះផងដែរ លោកស្រី និន សាផុន ក៏បានសម្តែងនូវមោទនភាពដែលបានឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សនូវផ្លូវល្បឿនលឿន ដែលជាផ្លូវទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ជាផ្លូវដែលមានដំណើរទិសពីរាជធានីភ្នំពេញទៅកាន់កំពង់ផែសមុទ្រ និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារធ្វើឱ្យផ្លូវល្បឿនលឿន ទីមួយនេះលេចជារូបរាងឡើងផងដែរ៕