(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ Facebook មួយឈ្មោះ «កម្ចាត់ជនក្បត់» បានបង្ហាញភស្តុតាងវិដេអូមួយអំពីក្រុមចលនាមាតាធម្មជាតិខុសច្បាប់ ប្រមាថអង្គព្រះមហាក្សត្រ និងប្រើប្រាស់ហិរញ្ញប្បទានភេវរកម្មដើម្បីធ្វើសកម្មភាពផ្តួលរំលំរដ្ឋាភិបាល។
Facebook ខាងលើបានរៀបរាប់យ៉ាងដូច្នេះថា «នេះជាភស្តុតាងជាវីដេអូនៃកិច្ចប្រជុំតាមប្រព័ន្ធហ្សូមដែលក្រុមចលនាមាតាធម្មជាតិខុសច្បាប់បានធ្វើកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅដែលពួកគេបានរៀបចំផែនការក្បត់ជាតិ ប្រមាថព្រះមហាក្សត្រ»។
យោងតាមឯកសារ និងភស្តុតាងមួយចំនួនទៀត ដែលបង្ហាញដោយមន្ត្រីស៊ើបអង្កេតលើករណី នៃការធ្វើសកម្មភាពល្មើសច្បាប់របស់ចលនាមាតាធម្មជាតិខុសច្បាប់ ទទួលបានបង្ហាញថា ក្រុមចលនាមាតាធម្មជាតិដឹកនាំដោយជនជាតិអេស្បាញឈ្មោះ អាឡិច ហ្គន់សាឡេស ដាវីតសិន និងក្រុមចលនាមួយចំនួនទៀតបានធ្វើសកម្មភាពយ៉ាងសកម្ម ប្រមូលផ្តុំព័ត៌មានទាក់ទងនឹងប្រទេសកម្ពុជា និងសកម្មភាពនានាទៀតដែលបានលាក់បង្កប់នូវឧបាយកលទុច្ចរិត ក្នុងបំណងញុះញង់ អុជអាល កៀរគរ និងប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋឱ្យរួមគ្នាប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ពួកគេបានធ្វើសកម្មភាពក្រោមឈ្មោះ ចលនាមាតាធម្មជាតិ ដែលមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់មួយដើម្បីបិទបាំង ឧបាយកលទុច្ចរិតរបស់ខ្លួន ហើយផែនការក្បត់ជាតិទាំងនោះត្រូវបានអនុវត្តជាបន្តបន្ទាប់ ក្រោមរូបភាពជាលេសអ្នកការពារនិងស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិ។
ពួកគេបានផ្សព្វផ្សាយព័ត៌មានមិនពិត និងធ្វើសកម្មភាពផ្សេងៗដើម្បីទាក់ទាញសមានចិត្តពលរដ្ឋថា ពួកគេពិតជាស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិពិតមែន ដើម្បីចោទប្រកាន់មកលើសមត្ថកិច្ចថា រឹតត្បិតសិទ្ធិសេរីភាព និងហាមឃាត់បំបាក់ស្មារតីយុវជនស្រឡាញ់បរិស្ថាន។ ពួកគេបានរៀបចំផែនការយ៉ាងលម្អិតក្នុងការធ្វើសកម្មភាព ដោយក្នុងនោះមេក្លោងឈ្មោះ អាឡិច ហ្គន់សាឡេស ដាវីតសិន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឆាំងជ្រុលនិយម និងម្ចាស់ជំនួយនៅក្រៅប្រទេស បានជ្រើសរើសក្រុមចលនាក្មេងៗដែលមើលទៅថាជាជនរងគ្រោះដើម្បីប្រឈមមុខនឹងអាជ្ញាធរ។
ពួកគេបានប្រើប្រាស់ហិរញ្ញប្បទានភេវរកម្មដែលបានមកពីប្រភពនានា ដើម្បីធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា។ សកម្មភាពដែលពួកគេធ្វើបានផ្តោតលើ គ្រប់ទិដ្ឋភាពដើម្បីប្រឆាំងនឹងកម្ពុជាតាមការបង្គាប់បញ្ជារបស់ជនបរទេសឈ្មោះអាឡិច។ អាឡិចដែល តាមរយៈពាក្យសម្តីដែលនិយាយជាសាធារណៈ បានប្រកាសយកពេលវេលារបស់ខ្លួនទាំងអស់ដោយមិនយកទៅប្រកបរបរចិញ្ចឹមជីវិតផ្សេងទៀតទេ គឺប្រើដើម្បីបំផ្លាញរដ្ឋាភិបាលស្របច្បាប់ បំផ្លាញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
តាមរយៈវីដេអូនៃកិច្ចប្រជុំតាមប្រព័ន្ធ Zoom នាពេលកន្លងទៅរវាង អាឡិច ហ្គន់សាឡេស ដាវីតសិន និងយុវជនឈ្មោះ យឹម លាងហ៊ី, ស៊ុន រដ្ឋា និងលី ចាន់ដារ៉ាវុធ បានបង្ហាញភស្តុតាងនៃការធ្វើសកម្មភាពក្បត់ជាតិ តែមិនមែនជាការការពារបរិស្ថាន និងធនធានធម្មជាតិឡើយ។ ពួកគេបានប្រមាថព្រះមហាក្សត្រ និងការរួមគំនិតក្បត់ជាតិ ព្រមទាំងធ្វើសកម្មភាពផ្សេងៗដែលបម្រើឱ្យផែនការទុច្ចរិតរបស់ពួកគេ។
អាឡិច និងក្រុមចលនាដែលជាជនសង្ស័យនេះបានប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធ Zoom កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ អាឡិចបានហៅព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលជាព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជាថា «អាប៉ិ សីហមុនី»។ រីឯក្រុមចលនា ដែលជាប់ចោទនេះបានចូលរួមគំនិតយ៉ាងផុសផុលលើការប្រមាថព្រះមហាក្សត្រខ្មែរ។
នេះគ្រាន់តែជាភស្តុតាងខ្លះប៉ុណ្ណោះក្នុងចំណោមភស្តុតាងជាច្រើន ដែលសមត្ថកិច្ចស៊ើបអង្កេតប្រមូលបានដែលនេះបង្ហាញថា ផែនការដែលបានប្រើប្រាស់ស្លាក នៃចលនាមាតាធម្មជាតិខុសច្បាប់ ក្រោមលេសការពារវរិស្ថាននេះគឺជារៀបចំឧបាយកលទុច្ចរិតក្នុងគោលដៅ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងបានថ្លែងនូវខ្លឹមសារប្រមាថដល់អង្គព្រះមហាក្សត្រ ដែលអង្គហេតុទាំងនេះត្រូវបានតុលាការចាត់ទុកថាជាអំពើ ប៉ះពាល់ដល់សន្តិសុខរដ្ឋ និងព្រះរាជចេស្តាសរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
តាមរយៈឯកសារភស្តុតាងនៃទំនាក់ទំនងក្នុងចំណោមក្រុមចលនាមាតាធម្មជាតិខុសច្បាប់នេះ គេអាចយល់ច្បាស់ថា ប្រសិនបើជាក្រុមចលនាទាំងនេះស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិពិតប្រាកដមែន ហេតុអ្វីបានជាប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ហេតុអ្វីពួកគេប្រមាថថ្នាក់ដឹកនាំជាតិ ជេរប្រមាថនាយករដ្ឋមន្ត្រី? ប្រសិនបើពួកគេជាអ្នកស្រឡាញ់បរិស្ថានពិតប្រាកដ ហេតុអ្វីបានជាប្រើប្រាស់ហិរញ្ញប្បទានភេវរកម្ម និងធ្វើសកម្មភាពដោយជ្រកក្រោមចលនាខុសច្បាប់? ប្រសិនបើស្រឡាញ់បរិស្ថានពិតប្រាកដចេញពីបេះដូង ហេតុអ្វីធ្វើសកម្មភាពតាមការបង្គាប់បញ្ជានិងការរៀបចំរបស់ជនបរទេស? ទង្វើទាំងនេះហើយជាដែលជាធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា អនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយបដិវត្តន៍ពណ៌ និងថែមទាំងប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរថែមទៀត។
ការធ្វើសកម្មភាពដោយជ្រកក្រោមអង្គការមិនមែនរដ្ឋាភិបាល និងចលនាខុសច្បាប់ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របៀបនេះ មិនមែនត្រឹមតែនៅកម្ពុជានោះទេ តែឧបាយកលយកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដើម្បីបំផ្ទុះបដិវត្តន៍ពណ៌នេះបានធ្វើដោយជោគជ័យនៅក្នុងបណ្តាប្រទេសមួយចំនួនរួចហើយដូចជាប្រទេសអ៊ុយក្រែន ហ្សកហ្ស៊ី ទុយណេស៊ី និងបណ្តាប្រទេសមួយចំនួនទៀត។ ហេតុដូច្នេះបានជាដើម្បីការពារសុខសន្តិភាព ការអភិវឌ្ឍ ទប់ស្កាត់ឧបាយកលទុច្ចរិតបំផ្លាញកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវចាត់វិធានការលើក្រុមជនក្បត់ជាតិទាំងឡាយដើម្បីការពារប្រទេសកម្ពុជាកុំឱ្យធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី និងការពារព្រះកិត្តិយស ព្រះមហាក្សត្រនៃយើង។
សូមអញ្ជើញទស្សនាវីដេអូនៃកិច្ចប្រជុំតាមហ្សូម ដែលស្ថិតក្នុងសំណុំឯកសារជាច្រើនពាក់ព័ន្ធនឹងក្រុមចលនាមាតាធម្មជាតិខុសច្បាប់ ដែលបានប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ជាតិ៖