(ភ្នំពេញ)៖ លោក ជា ចំរើន អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបានចេញទៅបង្កើតគណបក្សកម្ពុជាសេរីភាពនោះ បានសម្រេចលាឈប់ពី ប្រធានគណបក្សថ្មីនេះហើយ បន្ទាប់ពីប្រកូកប្រកាសបង្កើតបាន រយៈពេលជាង២ខែ។

លោក ជា ចំរើន បានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតគណបក្សនយោបាយរបស់ខ្លួន ដែលមានឈ្មោះថា «គណបក្សកម្ពុជាសេរីភាព» កាលពីចុងឆ្នាំ២០១៥ ដោយអះអាងថា នៅក្នុងរចនាសម្ព័ន្ធដឹកនាំក្នុងគណបក្សនេះ មានសែស្រឡាយរាជវង្សដែរ។

នៅលើបណ្តាញសង្គម Facebook នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ លោក ជា ចំរើន អតីតសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និងជាអតីតថៅកែកាសែតវិទ្យាសាស្រ្តខ្មែរ ដែលបានប្រកាសលាឈប់ពីការធ្វើនយោបាយ។

លោក ចំរើន បានសរសេរថា «សូមបងប្អូនជួយLike និង Share 1! ខ្ញុំបាទ ជា ចំរើន សម្រេចលាឈប់ពីប្រធានគណបក្សកម្ពុជាសេរីភាព, តាមសំណូមពរបងប្អូន!»

សូមបញ្ជាក់ថា គិតរហូតដល់ពេលនេះ មានគណបក្សថ្មីៗមួយចំនួនត្រូវបានបង្កើតឡើង ដើម្បីចូលរួម ក្នុងការបោះឆ្នោត អាណត្តិក្រោយនេះ។ គណបក្សថ្មីៗទាំងនោះមានដូចជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សអំណាចខ្មែរ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សខ្មែរសាមគ្គីរបស់លោកស្រី ឡាក់ សុភាព, គណបក្សយុត្តិធម៌ជាតិខ្មែរ របស់លោក ហ៊ាង រិទ្ធី, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា របស់លោក ផ្លាំង ស៊ីន, គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់, គណបក្សមហាសាមគ្គីជាតិខ្មែរ របស់លោក ញ៉ែម វណ្ណថន និងគណបក្សរួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ជាដើម។ ប៉ុន្តែមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ក្នុងចំណោមគណបក្សទាំងនោះ មានតិចតួចប៉ុណ្ណោះ ដែលបានចុះបញ្ជីជាផ្លូវការ៕