(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជួយពិនិត្យបញ្ចូលគម្រោងសាងសង់តភ្ជាប់ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ, គម្រោងសាងសង់ផ្លូវបាត់ដំបង-សៀមរាប, គម្រោងសាងសង់ផ្លូវជាតិលេខ៥៧ និងគម្រោងសាងសង់ផ្លូវលេខ៥០សេ ចូលទៅក្នុងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងភស្តុភារកម្ម និងបានណែនាំឱ្យក្រុមការងារពិនិត្យ និងរៀបចំផែនការសាងសង់ផ្លូវ៥ឆ្នាំរំកិល ដើម្បីយកមកបញ្ចូលក្នុងសេចក្តីព្រាងផែនការមេនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដូចនេះ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) ដើម្បីពិនិត្យសេចក្តីព្រាងផែនការមេស្តី ពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម។

កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ពី លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម, លោក ឈិត សុខុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងការចូលរួមតាមប្រព័ន្ធវីដេអូ ពីចម្ងាយ ពីលោក សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសរុបទាំងអស់ប្រមាណ៧២រូប។

សេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងភស្តុភារកម្មនេះ រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA) ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ និងទទួលបានការអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដោយក្រុមប្រឹក្សាជាតិភស្តុភារកម្ម។

បន្ថែមពីនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់ធាតុចូលសំខាន់ៗបន្ថែមទៀត ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មឱ្យមានភាពគ្រប់ជ្រុងជ្រោយ ដើម្បីស្នើសុំកម្មវិធីជួបពិភាក្សាជាមួយ លោកបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា ដើម្បីពិនិត្យលើខ្លឹមសារនៃសេចក្តីព្រាងនេះចុងក្រោយ។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងការកោតសរសើរ និងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់អនុសាសន៍ក៏ដូចជាធាតុចូលសំខាន់ៗ សម្រាប់ការរៀបចំសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនេះផងដែរ៕