(សៀមរាប)៖ ប្ដីប្រពន្ធមួយគូនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ បានសម្លែងការខកចិត្តយ៉ាងខ្លាំង និងស្ទើរតែដើរចេញពីសាលាដំបូងខេត្តសៀមរាប មិនរួច បន្ទាប់ពីពួកគាត់បានទទួលលិខិតមួយច្បាប់ របស់សាលាដំបូងខេត្តសៀមរាប ក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលចេញសាលក្រមសម្រេចឲ្យគ្រួសារលោក ចាញ់ក្ដីអ្នកជិតខាង រុះរើសំយ៉ាបផ្ទះ ហើយថែមទាំងសម្រេចឲ្យពួកគាត់សងជំងឺចិត្ត៥លានរៀល ខណៈដែលអ្នកជិតខាង ក៏សម្ដែងការងឿងឆ្ងល់ និងខកចិត្តចំពោះការសម្រេចកាត់ក្ដីហាក់មិនសមទំនងបែបនេះ ។

លោក អេង សុភ័ក្រ្ត អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ រ័ត្ន សូណាន អាយុ៣៦ឆ្នាំ បច្ចុប្បន្នមានផ្ទះលេខ០៨៧ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បានថ្លែងប្រាប់អង្គភាព Fresh News ថា លោកហាក់មានការខកចិត្តយ៉ាងខ្លាំង និងស្ទើរតែដើរចេញពីសាលាដំបូងខេត្តសៀមរាបមិនរួច បន្ទាប់ពីពួកគាត់បានទទួលលិខិតមួយច្បាប់ របស់សាលាដំបូងខេត្តសៀមរាប ក្នុងសំណុំរឿង រដ្ឋប្បវេណី ដែលបានចេញសាលក្រមសម្រេចឲ្យគ្រួសាររបស់លោក ចាញ់ក្ដីអ្នកជិតខាង ដែលលោកមិនអាចទទួលយកបានឡើយ។ លោក សុភ័ក្រ្ត និងភរិយា បានបញ្ជាក់ទៀតថា សាលាដំបូងខេត្តសៀមរាប ដែលមានលោក សំ ប៊ុនពៅ ចៅក្រមនៃសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមជំនុំជម្រះក្នុងរឿងក្ដី បណ្ដឹងសុំរុះរើសំណង់ ក្នុងសាលក្រមលេខ ១២ (ជ) គឺបានសម្រេចឲ្យគ្រួសាររបស់លោក រុះរើសំយាបធ្វើអំពីឆ្អឹងដែក ប្រកស័ង្កសី ទទឹង១.៥០ម៉ែត្រ និងបណ្ដោយ៥ម៉ែត្រ និងជញ្ជាំង ថ្មមានកម្ពស់២ម៉ែត្រ បណ្ដោយ៥ម៉ែត្ រនៅខាងលិចផ្ទះរបស់ដើមចោទ ដែលលោក និងអាជ្ញាធរភូមិបញ្ជាក់ថា ការពិតជាក់ស្ដែង នោះមិនមែនជាជញ្ជាំងទេ គឺជារបងផ្ទះ ហើយក៏មិនមានកម្ពស់ដល់ទៅដល់ ២ម៉ែត្រ ដូចខាងតុលាការចេញសាលក្រមសម្រេចនោះដែរ។

លោកបញ្ជាក់ជាថ្មីថា រឿងដែលមិនគួរកើតឡើងមួយទៀតនោះ គឺសាលក្រមសម្រេចឲ្យខាងលោកសងជំងឺចិត្តទៅឲ្យដើមចោទ ចំនួន៥លានរៀល ទៅឲ្យដើមចោទឈ្មោះ សុខ ខន ភេទប្រុស អាយុ ៦០ឆ្នាំ ដែលមានរបងផ្ទះជាប់គ្នានោះ។ លោកថា នៅក្នុងតំបន់របស់លោករស់នៅនាពេលបច្ចុប្បន្ន ទោះនៅកណ្ដាលក្រុងក្ដី ក៏គ្រួសារប្រជាពលរដ្ឋសាមញ្ញៗ ដូចគ្រួសាររបស់លោកភាគច្រើន គឺមិនទាន់មានបណ្ណកម្មសិទ្ធិ (ប្លង់រឹង) នៅឡើយទេ ហើយភាគច្រើនសំណង់ស្រាល ដែលបាននឹងកំពុងសាងសង់ ក៏មិនមានច្បាប់ផងដែរ។

លោក ទិត្យ សុខុម មេភូមិត្រពាំងសេះ បានប្រាប់អង្គភាព Fresh News ថា គាត់ធ្លាប់បានជួយសម្របសម្រួលឲ្យគ្រួសារលោក សុភ័ក្រ្ត កាត់សំយ៉ាបផ្ទះរួចរាល់ម្ដងហើយ។ លោកមេភូមិ ក៏បានបញ្ជាក់ទៀតថា តាមពិតរបងថ្មដែលខាងតុលាការថាជាជញ្ជាំងផ្ទះនោះ តាមពិតជារបងទេ ហើយមានកម្ពស់តែត្រឹមតែ ១ម៉ែត្រ ៣តឹកប៉ុណ្ណោះ មិនមានកម្ពស់ដល់ទៅ ២ម៉ែត្រ ដូចខាងតុលាការបានសម្រេចនោះទេ។ ទោះជាយ៉ាងណា លោកក៏បានបញ្ជាក់ថា ការសម្រេចរបស់តុលាការ គឺជារឿងរបស់តុលាការ លោកមិនហានថាទេ។ ចំពោះអ្នកជិតខាងសុំមិនបញ្ចេញឈ្មោះមួយរូប បានសម្ដែងនូវការងឿងឆ្ងល់ និងខកចិត្តផងដែរ ចំពោះការសម្រេចកាត់ក្ដីហាក់មិនសមទំនងបែបនេះ គឺមិនគួរចាញ់ តែបែរជាចាញ់ក្ដីទៅវិញ។

ពួកគាត់បាននិយាយទៀតថា ណាមួយឈ្មោះ សុខ ខន មិនសូវត្រូវជាមួយអ្នកជិតខាងទេ ហើយរឿងតូចល្មមដែលអាចសម្រុះសម្រួលគ្នាបាន ក្នុងនាមអ្នកជិតខាងភូមិផងរបងជាមួយសោះ បែរជាទៅប្ដឹងដល់តុលាការ យកតែពីខាងឈ្នះ រហូតដល់ហ៊ានបោះសំដីថា អស់ប៉ុន្មានក៏សុខចិត្តដែរ ឲ្យតែបានឈ្នះក្នុងរឿងក្ដីនេះ។ ចំពោះរឿងនេះ លោក សុភ័ក្រ្ត ថា គ្រួសារលោកមិនសុខចិត្ត និងការសម្រេចនេះទេ ហើយលោកនឹងប្ដឹងបន្ដទៅឧទ្ធរណ៍។ ហើយលោកក៏បានសុំអំពាវនាវដល់ថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយពិនិត្យ និងរកយុត្តិធម៌ ឲ្យគ្រួសាររបស់គាត់ផង ព្រោះគាត់ទទួលនូវភាពអយុត្តិធម៌ ពីសាលក្រមសម្រេចដែលនឹកស្មានមិនដល់បែបនេះ៕