(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យគុណភាពផ្លូវវាងក្រុងសិរីសោភ័ណ និងពិនិត្យមើលការដាំដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ និងដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវ ដែលឋិតនៅក្នុង គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង-ខេត្តបន្ទាយមានជ័យ។

គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យនេះ មានប្រវែងសរុប ៨៤.៧៤គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរតែ១០០%ហើយ។

កំណាត់ផ្លូវនេះមានដាំលម្អដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវប្រមាណ ១២,០០០ដើម ចាប់ខេត្តបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឡែកផ្លូវវាងក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ មានដាំលម្អដើមក្ងោក នៅអមសងខាងផ្លូវប្រមាណ ៦,៤០០ដើម ដើម្បីការពារការទន្ទ្រានដីចំណីផ្លូវ បង្កើនសោភ័ណភាព និងជួយទាក់ទាញអ្នកបើកបរ ក៏ដូចជាអ្នកធ្វើដំណើរឱ្យទទួលបាននូវអារម្មណ៍ ស្រស់ស្រាយផងដែរ។

ទន្ទឹមនឹងនេះផងដែរក្រសួងសារធារណការ និងដឹកជញ្ជូន ក៏សូមសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ជួយថែរក្សាដើមឈើទាំងនេះ ឱ្យបានគង់វង្ស ដើម្បីបង្កើតភាពស្រស់ ស្អាតសម្រាប់ខេត្ត។

គួររលឹកផងដែរថា សង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ គឺជាសមរភូមិក្តៅដែលពួកខ្មែរ ក្រហមបានតាំងទីលំនៅនៅទីនេះ។ ពេលនោះតំបន់នេះបានក្លាយទៅជាតំបន់គ្រោះថ្នាក់បំផុតដែលគ្មាននណាអាចចូលបានទេ។ ប៉ុន្តែដោយសាតែការដាក់ចេញនូវ គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យក្រុមខ្មែរក្រហម ព្រមធ្វើសមាហរណកម្ម មករួមរស់ជាមួយរាជរដ្ឋាភិបាល ដើម្បីបញ្ចប់សង្គ្រាម ជាច្រើនឆ្នាំកន្លងទៅ។

សន្តិភាពដែលទទួលបានលំបាកនេះ អាចផ្តល់ឱកាសឱ្យយើងបានកសាងអភិវឌ្ឍសមិទ្ធផលជាតិ បានបន្តបន្ទាប់ដូចថ្ងៃនេះ ហើយបច្ចុប្បន្ននេះខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ គឺពោពេញដោយសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ផងដែរ៕