(ភ្នំពេញ)៖ ដើមក្ងោកប្រមាណ ២,២០០ដើម ក្នុងចំណោមដើមក្ងោកចំនួន ៦,៤០០ដើម ដែលបានដាំលម្អអមសងខាងផ្លូវវាងក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ នៅក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ៥ ដែលបានសាងសង់ដោយក្រុមហ៊ុនរបស់ជប៉ុន ត្រូវបានជនខិលខូចមួយចំនួនតូច បានចាក់ដីលុប ដក បាញ់ថ្នាំសំលាប់ ដុត និងកត្តាផ្សេងៗដើម្បី ផ្លាញចោល។ នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យភ្នាក់ងារសារព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យនេះ មានប្រវែងសរុប ៨៤.៧៤គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរតែ១០០%ហើយ។ កំណាត់ផ្លូវនេះមានដាំលម្អដើមត្របែកព្រៃ នៅចំកណ្ដាលទ្រូងផ្លូវប្រមាណ ១២,០០០ដើម ចាប់ខេត្តបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ ដោយឡែកផ្លូវវាងក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ មានដាំលម្អដើមក្ងោក នៅអមសងខាងផ្លូវប្រមាណ ៦,៤០០ដើម ដើម្បីការពារការទន្ទ្រានដីចំណីផ្លូវ និងបង្កើនសោភ័ណភាព ជួយទាក់ទាញអ្នកបើកបរក៏ដូចជាអ្នកធ្វើដំណើឱ្យទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ។

ការដាំដើមឈើក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត មានចំនួន ៣ប្រភេទ រួមមាន៖ ដើមត្របែកព្រៃ សម្រាប់ដាំនៅសួនកណ្តាលផ្លូវ នៅតំបន់ចេញពីទីប្រជុំជន, ដើមចំប៉ី សម្រាប់ដាំនៅសួនកណ្តាលផ្លូវ នៅតំបន់ទីប្រជុំជន និងដើមក្ងោក សម្រាប់ដាំតែនៅដីចំណីផ្លូវ នៃផ្លូវវាងតែប៉ុណ្ណោះ ដោយសារគម្រោងស្ថាបនាផ្លូវជាតិលេខ៥ រដ្ឋបានដោះស្រាយទៅលើដីថ្មីតែម្តងសម្រាប់ធ្វើផ្លូវវាងដែលមានដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ហើយមានគោលការណ៍ដូចគ្នាដើម្បីការពារដីចំណីផ្លូវ ព្រោះរដ្ឋបានដោះស្រាយដល់ទៅ៦០ម៉ែត្រ គឺ៣០ម៉ែត្រសងខាង ដូចនេះព្រំប្រទល់ដែលត្រូវការពារគឺ៦០ម៉ែត្រ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដែរថា ចំពោះមូលហេតុដែលក្រសួងជ្រើសយករុក្ខជាតិទាំងនេះមកដាំ គឺដោយសារតែដើមត្របែកព្រៃ និងដើមចំប៉ី ជារុក្ខជាតិធន់នឹង អាកាសធាតុ មានដើមត្រង់ មានផ្កាស្រស់ស្អាត មិនទាមទារការថែទាំខ្ពស់ ដើមមិនធំ ឬខ្ពស់ពេក អាចកាត់បន្ថយចំណាំងផ្លាតនៃពន្លឺរបស់យានយន្ត និងជារុក្ខជាតិនិយម ចូលចិត្តដាំលម្អរបស់ប្រជាពលរដ្ឋកម្ពុជា ហើយចំពោះដើមក្ងោកគឺជារុក្ខជាតិដើមធំ-ខ្ពស់ ផ្តល់ម្លប់ និងផ្កាស្រស់ស្អាត។

លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងទៀតថា ចំពោះដើមក្ងោកជាង ២០០០ដើម ដែលត្រូវបានគេបំផ្លាញចោលនោះ ត្រូវបានក្រុមការងារដាំឡើងវិញរួចហើយ ជាមួយ គ្នានោះដែរ ក្រសួងក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋានរួចរាល់ហើយដែរ ក្នុងនោះរដ្ឋបាលខេត្តដែលពាក់ព័ន្ធ ក៏បានចេញលិខិតជូនដំណឹង និងព្រមានចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។

អ្នកនាំពាក្យវ័យក្មេងរូបនេះ ក៏សំនូរពរដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា និងការពារសម្បតិ្តជាតិដែលបានសាងរួច ដើម្បីជាប្រយោជន៍រួម បញ្ឈប់សកម្មភាពបំផ្លាញ រុក្ខជាតិដែលដាំការពារដីចំណីផ្លូវ និងបញ្ឈប់ការចាក់ដីលុបផ្លូវរំដោះទឹកដែលនាំឱ្យមានការប៉ះពាល់ដល់តួផ្លូវ និងផ្នែកផ្សេងៗនៃផ្លូវ ហើយមុនពេលចង់ចាក់ដី សូមជូន ដំណឹងមកក្រសួង ឫមន្ត្រីជំនាញដើម្បីក្រសួងណែនាំ និងប្រាប់ពីគោលការណ៍ថាត្រូវចាក់ត្រឹមណា កុំឱ្យចាក់លុបប្រឡាយទឹកហូរ និងចាក់លុបលើដើមក្ងោក។

លោកក៏បានបញ្ជាក់ថា ក្នុងការសិក្សាគម្រោងស្ថាបនាផ្លូវដែលជាកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុន បានគិតគូរច្បាស់ណាស់អំពីបញ្ហាបរិស្ថាន គឺទាំងបរិស្ថានសង្គម និងបរិស្ថានធម្មជាតិដោយក្នុងនោះមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលការបណ្តុះបណ្តាលជាច្រើនអំពីបញ្ហាបរិស្ថាន និងការគ្រប់គ្រងដំណីផ្លូវ តាមរយៈគម្រោងបង្កើនសមត្ថភាពគ្រប់គ្រង និងកំណត់ដីចំណីផ្លូវ ដែលជាជំនួយតាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីក្លាយជាទុនក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ប្រកបដោយគុណភាព និងសោភ័ណភាព ឬអាចនិយាយថាជាបរិស្ថានបៃតង៕