(ភ្នំពេញ)៖ លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានការប្ដេជ្ញាចិត្ដខ្ពស់បំផុត ក្នុងការកសាងធនធានមនុស្សប្រកបដោយជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងអត្តចរិក ចរិយាសម្បត្តិត្រឹមត្រូវ។

លោក ហឿន សំនៀង បានលើកឡើងដូចនេះ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ក្នុងឱកាសបើកវគ្គបំប៉នសមត្ថភាពភាសាអង់គ្លេសដល់និស្សិតជំនាន់ទី១ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីគ្រូបង្រៀន និងនិស្សិតផងដែរ។

លោក ហឿន សំនៀង បានបញ្ជាក់ទៀតថា លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានយកចិត្ដទុកដាក់ខ្ពស់ក្នុងការកសាងសមត្ថភាពរបស់ក្មួយៗជានិស្សិត ឱ្យក្លាយទៅជាធនធានមនុស្សប្រកបដោយគុណភាព និងសក្ដានុពលខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ ជាមួយរាជរដ្ឋាភិបាល និងជាធនធានមួយដ៏ខ្លាំងពូកែ ដែលនឹងប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្ដរជាតិនាពេលអនាគត ក៏ដូចជាបម្រើដល់ការសិក្សាស្រាវជ្រាវ និងការទំនាក់ទំនងរបស់និស្សិតផងដែរ។

នាយកវិទ្យាស្ថានតេជោសែន ក៏បានសំណូមពរឱ្យសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ ចូលរួមជាមួយវិទ្យាស្ថាន ក្នុងការផ្ទេរចំណេះដឹងចំណេះធ្វើនិងការអប់រំអត្តចរិត និងចរិយាសម្បត្តិដល់និស្សិតឱ្យល្អប្រសើរ និងប្រកបដោយគុណភាពខ្ពស់។ លោកក៏បានជំរុញលើកទឹកចិត្តឱ្យនិស្សិត ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការតស៊ូ សិក្សារៀន សូត្រឱ្យបានពូកែ ដើម្បីឆ្លើយតបទៅនឹងគោលបំណង នៃការបើកថ្នាក់បំប៉នសមត្ថភាពភាសាអង់គ្លេស និងការបង្កើតឱ្យមានវិទ្យាស្ថានតេជោសែននេះ ដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងសង្គមជាតិ។

សូមជម្រាបជូនថា កម្មវិធីបំប៉នភាសារអង់គ្លេសនេះ បង្កើតឡើងក្រោយពីបានសង្កេតឃើញថា សមត្ថភាពភាសាអង់គ្លេសរបស់និស្សិតភាគច្រើននៅមានកម្រិត។ មុនពេលចូលរៀន និស្សិតត្រូវឆ្លងកាត់ការប្រឡងវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេស ដែលក្នុងនោះត្រូវបែងចែកជា ៣កម្រិត គឺ៖ Elementary Pre-Intermediate និងIntermediate។

លោកគ្រូ-អ្នកគ្រូ ដែលត្រូវបង្រៀនថ្នាក់បំប៉នសមត្ថភាពភាសាអង់គ្លេសនេះ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលនៅថ្នាក់ឧត្ដមសិក្សា និងការសម្ភាសន៍ពីគណៈកម្មការ ជំនាញរបស់វិទ្យាស្ថានថ្នាក់បំប៉ននេះ វគ្គនេះចូលរៀនចាប់ម៉ោង៥.៣០ល្ងាចដល់ម៉ោង៧.០០យប់ រៀងរាល់ថ្ងៃចន្ទ-ពុធ-សុក្រ ហើយនិស្សិតមិនត្រូវបានតម្រូវឱ្យបង់ប្រាក់ ឬកម្រៃសេវាបន្ថែមអ្វីឡើយ។

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បច្ចុប្បន្ននេះវិទ្យាស្ថានទទួលនិស្សិតជំនាន់ទី១ មានចំនួន១៩១នាក់ ដែលបាន នឹង កំពុង សិក្សា តាមប្រព័ន្ធអនឡាញលើមុខជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ចំនួន៣។

 

ដេប៉ាតឺម៉ង់ទាំង៣រួមមាន ១៖ដេប៉ាតឺម៉ង់សំណង់សាធារណការ លើជំនាញសំណង់ផ្លូវ ថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ២៖ ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម លើជំនាញសេដ្ឋកិច្ច និងគ្រប់គ្រង ដឹកជញ្ជូន ផ្លូវគោក និងជំនាញគ្រប់គ្រង ភស្ដុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និង៣ ដេប៉ាតឺម៉ង់នាវាចរណ៍លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា ជាមួយនឹងកម្មវិធីសិក្សាពេញមួយថ្ងៃ ៥ថ្ងៃក្នុងមួយសប្តាហ៍ (ថ្ងៃចន្ទ-ថ្ងៃសុក្រ) ពេលព្រឹកចាប់ពីម៉ោង៧៖០០ ដល់ម៉ោង១១៖០០ និងរសៀលចាប់ពីម៉ោង១៖០០ ដល់ម៉ោង៥៖០០ល្ងាច។

វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងគំនិតផ្តួចផ្តើមប្រកបដោយការតាំងចិត្តមុះមុត និងចក្ខុវិស័យច្បាស់លាស់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព ចំណេះដឹងទូលំទូលាយ និងសីលធម៌ វិជ្ជាជីវៈ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាវិបត្តិកង្វះអ្នកជំនាញបច្ចេកទេស ដែលមានភារកិច្ចបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវ លើវិស័យ សំណង់ស្ពាន ថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវដែក កំពង់ផែ និងវិស័យដឹកជញ្ជូន ផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងភស្តុភារកម្មជាដើម៕

http:/