(ភ្នំពេញ)៖ លោក កែន រដ្ឋា អគ្គនាយកនៃអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកវគ្គ បណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រឹះនៃការការពារ ការត្រួតពិនិត្យការឆ្លងមេរោគកូវីដ-១៩ និងរបៀបធ្វើតេស្តរហ័ស(Rapid Test) ជូនដល់សិក្ខាកាមជនបង្គោល ជាមន្រ្តីរាជការ នៅតាមបណ្តាមន្ទីរសាធារណការ និងដឹកជញ្ជូន ក្រោមឱវាទក្រសួងទាំង២៥ រាជធានី-ខេត្ត នៅទីស្តីការក្រសួង។

វគ្គបណ្តុះបណ្តាលលើកទី២នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការល្អ រវាងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រសួង សុខាភិបាល មានរយៈពេល០២ថ្ងៃគឺចាប់ពីថ្ងៃទី០៩-១០ ខែកក្កដា ឆ្នាំ២០២១ ដែលមានសិក្ខាកាមជាមន្រ្តីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ចូលរួមសរុបប្រមាណ៧០នាក់ សរុបទាំងពីរលើកបាន ១០៥នាក់។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងន័យចែករំលែក និងលើកកម្ពស់ចំណេះដឹងឱ្យបានទូលំទូលាយអំពីមូលដ្ឋានគ្រឹះនៃការពារខ្លួន ការត្រួតពិនិត្យនិងការឆ្លង មេរោគកូវីដ-១៩ ព្រមទាំងរបៀបនៃការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ (Rapid Test) ស្របតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងជាការចូលរួមចំណែក ជាមួយក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការចម្លងតគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ក្នុងពេលបំពេញការងារ ការប្រាស្រ័យទាក់ទងគ្នាក្នុងសកម្មភាពផ្សេងៗ។

លោក កែន រដ្ឋា បានគូសបញ្ជាក់ថា បញ្ហាជំងឺកូវីដ-១៩ មិនមែនជាបញ្ហារបស់កម្ពុជាតែឯងនោះទេ ប៉ុន្តែវាជាបញ្ហាប្រឈមជាសកលរបស់ប្រជាជន នៅក្នុងពិភពលោក ទាំងមូល។ នាពេលបច្ចុប្បន្នជំងឺកូវីដ-១៩ នៅក្នុងកម្ពុជាក៏នៅតែបន្តរីករាលដាល និងរកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ ជាពិសេសព្រឹត្តិការណ៍ ២០-កុម្ភៈ ដែលបាន ផ្ទុះឡើង និងមិនទាន់អាចបិទបញ្ចប់ ហើយអត្រាអ្នកឆ្លងថ្មីជារៀងរាល់ថ្ងៃ នៅតែបន្តរកឃើញក្នុងកម្រិតខ្ពស់ ដែលនេះជាកង្វល់និងក្តីបារម្ភមួយតម្រូវឱ្យយើងគ្រប់គ្នា ត្រូវចូលរួមដើម្បីកាត់បន្ថយការឆ្លង និងអាចបិទបញ្ចប់ការរីករាលដាលជាស្ថាពរផងដែរ។

លោក កែន រដ្ឋា បន្តថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនត្រូវធ្វើការបណ្តុះបណ្តាល អំពីការប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការស្វែងរកប្រភពចម្លង និងអាចមានលទ្ធភាព កាត់ផ្តាច់ឫសគល់មេរោគកូវីដ-១៩នេះ ប្រកបដោយប្រសិទ្ធភាព។

លោកអគ្គនាយក ក៏បានលើកឡើងផងដែរថា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល តែងតែបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បុគ្គលិកមន្រ្តីរាជការទាំងអស់គ្នា ហើយក្នុងរយៈកាលកន្លងមកលោកក៏បានណែនាំឱ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ សហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំកិច្ចការចាំបាច់មួយចំនួន ដើម្បីធ្វើយ៉ាងណាជួយការងារបុគ្គលិកមន្រ្តីរាជការទាំងអស់គ្នា បានជៀសផុតពីជំងឺកូវីដ១៩ផងដែរ។

សូមជម្រាប់ដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ក៏បានកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអាចផ្គត់ផ្គង់ដោយខ្លួនឯងក្នុងការទិញឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ (Rapid Test) និងអាចផ្គត់ផ្គង់ទៅអង្គភាពក្រោមឱវាទផ្សេងទៀតផងដែរ៕