(ភ្នំពេញ)៖ លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើជាសហប្រធានជាមួយសមភាគីជប៉ុន ដឹកនាំសន្និសីទឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ឧត្តមមន្រ្តីដឹកជញ្ជូន របស់បណ្តាប្រទេសអាស៊ានទាំងអស់ ថ្នាក់ដឹកនាំឧត្តមមន្រ្តីដឹកជញ្ជូនរបស់ជប៉ុន និងលេខាធិការដ្ឋានអាស៊ាន ដោយឡែកអ្នកចូលរួមពីប្រទេសកម្ពុជា រួមមាន អង្គភាពពាក់ព័ន្ធទាំងអស់ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

សន្និសីទឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី១៩ គឺជាកិច្ចប្រជុំប្រចាំឆ្នាំ ដែលស្នើឡើងដោយភាគីជប៉ុនក្នុងគោលបំណងសំខាន់មាន ១៖ ពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពនៃភាពជាដៃគូរក្នុងវិស័យដឹកជញ្ជូន រវាងអាស៊ាន-ជប៉ុន AJTP និង២៖ ការលើកទិសដៅ និងផែនការសកម្មភាពសម្រាប់អនុវត្ត ក្នុងឆមាសទី២ ឆ្នាំ២០២១ និងត្រីមាសទី១ ឆ្នាំ២០២២ ហើយផែនការសកម្មភាពទាំងនេះ នឹងដាក់ឆ្លងសុំការអនុម័តជាផ្លូវការពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ដឹកជញ្ជូនអាស៊ាន លើកទី១៩ ដែលប្រទេសកម្ពុជា ធ្វើជាប្រធាននៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

សន្និសីទបានពិនិត្យទៅលើការងារសំខាន់ៗចំនួន៣ ដែលបានស្នើឡើងដោយប្រទេសជប៉ុនគឺទី១៖ របាយការណ៍ទស្សនទាន ដែលបញ្ជាក់អំពីដំណោះស្រាយ តាមវិធីសាស្រ្តព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងយានយន្តលើសទម្ងន់ ,២៖គោលការណ៍ណែនាំស្តីពីការចេញនូវវិញ្ញាបនបត្រសវនកម្ម សម្រាប់ខ្សែច្រវាក់ ភស្តុភារកម្មត្រជាក់ ក្នុងក្របខ័ណ្ឌអាស៊ាន-ជប៉ុន និងទី៣៖ ការប្រើប្រាស់ទិន្នន័យធំសម្រាប់កែលម្អនូវការបន្លាស់ទី។

ការងារសំខាន់ៗទាំង៣ខាងលើនេះ នឹងរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើង និងបង្កើនប្រសិទ្ធភាពក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម អង្គសន្និសីទបានឯកភាព ជាគោលការណ៍ ឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយបន្ថែមទៀតលើការងារធំៗទាំង៣ខាងលើ ហើយលទ្ធផលនៃការសិក្សានេះនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២០ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី១៩ ដែលកម្ពុជាធ្វើជាប្រធានទាំងពីរកិច្ចប្រជុំនៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕