(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃកម្ពុជា បានអញ្ជើញជាអធិបតី ដើម្បីប្រកាសផ្ទេរភារកិច្ចអភិបាលខេត្តកំពង់ស្ពឺ។ លោក វ៉ី សំណាង អតីតអភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលខេត្តកំពង់ស្ពឺ ជំនួសលោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺចាស់ ដែលត្រូវផ្លាស់ទៅជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ការផ្លាស់និងសម្រួលភារកិច្ចគឺជាធម្មតា សម្រាប់ក្របខណ្ឌមន្រ្តីរាជការរបស់រាជរដ្ឋាភិបាល ដូចដែលលោកអភិបាលខេត្ត ជារដ្ឋលេខាមួយចំនួនឯទៀតផងដែរ។

សម្តេចក្រឡាហោម ក៏បានលើកពីគុណបំណាច់របស់អភិបាល ដែលទោះបីបានផ្លាស់ទៅកាន់មុខងារថ្មី និងផ្តល់អទិភាពទីមួយ ដល់មន្រ្តីមូលដ្ឋានដោយសម្តេចផ្តោតទៅលើ អភិបាលរងនៅក្នុងខេត្ត ត្រូវបានតែងតាំងជាអភិបាលខេត្តនេះតែម្តង ដូចជាខេត្តកំពង់ស្ពឺនេះ។

សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា ការតែងតាំងមន្ត្រីរាជការថ្នាក់ក្រោមជាតិត្រូវបានមើលទាំងអប្បកិយា ចរឹតឫកពារឲ្យស្របតាមឆន្ទៈសមូហភាពមូលដ្ឋានជាចម្បង ដោយសម្តេចក្រឡាហោម​​ ជឿជាក់ថាអភិបាល ដែលឡើងបន្តវេនពិតជាអាចដឹកនាំខេត្តនេះ បានតាមការប្តេជ្ញាចិត្តកន្លងមក។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន បានប្រកាសតែងតាំងអភិបាលខេត្តចំនួន៤ ក្នុងនោះមាន លោក សួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ លោក វ៉ី សំណាង ជាអភិបាលខេត្តកំពង់ស្ពឺ លោក ចាន់ ចេស្តា ជាអភិបាលកំពត និង លោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង។

ចំណែកអភិបាលខេត្តចាស់ក្នុងខេត្តទាំង៤ ត្រូវបានស្នើឱ្យធ្វើដូចជា៖ លោក គោ ស៊ុំសារឿត ចៅហ្វាយខេត្តបន្ទាយមានជ័យចាស់ ឡើងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ជៀង អំ អភិបាលខេត្តស្វាយរៀងចាស់ ឡើងជារដ្ឋលេខាធិការក្រសួងការពារជាតិ លោក ខូយ ឃុនហ៊ួ អភិបាលខេត្តកំពតចាស់ ឡើងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និង លោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺចាស់ ឡើងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ៕