(ព្រះវិហារ)៖ សេចក្តីរាយការណ៍ពីអាជ្ញាធរខេត្តព្រះវិហារ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរខេត្តព្រះវិហារ រួមជាមួយអាជ្ញាធរជាតិព្រះវិហារ និងកំលាំងគណៈសមរភូមិ បានបន្តជួបជាមួយប្រជាពលរដ្ឋ ដែលបានជឿតាមការញុះញង់របស់ជនអគតិ ចង់មកកាន់កាប់ដីតំបន់បេតិកភណ្ឌ ស្រាយជ្រុំ ដើម្បីពន្យល់បកស្រាយ អំពីទិដ្ឋភាពផ្លូវច្បាប់ និងបទដ្ឋានគតិយុត្ត ពាក់ពន្ធ័លក្ខណ្ឌ ចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក។

ជាមួយគ្នានេះ អាជ្ញាធរខេត្តបានពន្យល់ប្រជាពលរដ្ឋថា ចំពោះលិខិតរបស់ក្រសួងមហាផ្ទៃ ជូនប្រធានអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី គឺជាការស្នើសុំឲ្យអាជ្ញាធរដោះស្រាយតាមនីតិវិធី មិនមែនជាការអនុញ្ញាតឲ្យ មករស់នៅតំបន់ស្វាយជ្រុំវិញទេ សូមបងប្អូនកុំយល់ច្រឡំ។

សេចក្តីរាយការណ៍បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីបានស្តាប់រួចមក ព្រះសង្ឃ លួន សាវាត និងប្រជាពលរដ្ឋតំណាងចំនួន៣រូប តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ បានទទួលយក និងយល់ព្រមត្រលប់ទៅផ្ទះវិញ ហើយបានទទួលអង្ករឧបត្ថម្ភ ពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋាន សំរាប់វិលត្រឡប់ទៅលំនៅដ្ឋានដើមវិញផងដែរ ហើយសន្យាមិនវិលត្រលប់មកតវ៉ាវិញទៀតទេ។

សូមជម្រាបថា រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានឈ្មោះ គិន ចន្ថា ឈ្មោះ កែវ ណេ ឈ្មោះ ផាន់ ធឿន និងឈ្មោះ សាត ញ៉េប បានដឹកនាំប្រជាជនស្លូតត្រង់ ដែលជឿលើការញុះញង់របស់ខ្លួន ដោយកុហកថា មានការសម្រេចពីរាជរដ្ឋាភិបាល និងសម្តេចក្រឡាហោម ស ខេង រួមទាំងមានការគាំទ្រពីរដ្ឋសភា ឲ្យប្រជាជនវិលទៅកាន់កាប់ តំបន់បេតិកភណ្ឌ ចំណុចស្វាយជ្រុំ។ ក្រុមមេខ្យល់ និងប្រជាជនស្លូតត្រង់ប្រមាណ៨០នាក់ ដែលជឿលើការញុះញង់នោះ ត្រូវបានទប់ស្កាត់ដោយ អាជ្ញាធរខេត្តព្រះវិហារ អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ផ្សេងទៀត។ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ មេខ្លោង និងប្រជាជនត្រូវបានលោកអភិបាលស្រុក និងមេឃុំស្រឯម អញ្ជើញឲ្យសំរាកនៅវត្តស្រឯម ទើបព្រឹកនេះ មានការជួបដោះស្រា និងពន្យល់ពួកគាត់ឲ្យដឹងច្បាស់ពីផ្នែកច្បាប់៕