(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០១៦នេះ នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook មានប្រិយមិត្តជាច្រើនសំដែងនូវការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ដោយសារតែមានម្ចាស់ Account ខ្លះបានបង្ហោះលិខិតមួយសន្លឹករបស់សាលាខេត្តកំពង់ឆ្នាំង គឺលិខិតរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ជំរាបជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្ដីពីការអញ្ជើញចូលរួមហែជំនូនកូនមន្ត្រីជាន់ខ្ពស់មួយរូប។

អ្នកបង្ហោះលិខិតខាងលើគេបញ្ចេញមតិ និងយោបល់ មិនមានទោមនស្សចំពោះការកៀងគរ និងអញ្ជើញមន្ត្រីក្នុងខេត្តទៅចូលរួមមង្គលការ ហែជំនូនកូនអ្នកណានោះទេ តែអ្វីដែលគេចាប់អារម្មណ៍ គឺគ្រាន់តែរឿងអញ្ជើញមន្ត្រីទៅចូលរួមហែជំនូន ដែលជាកម្មវិធីឯកជន ឬកម្មវិធីក្រៅផ្លូវការសោះ ចាំបាច់អីអភិបាលខេត្តធ្វើដល់លិខិតអញ្ជើញ តាមបែបបទរដ្ឋបាលមានបោះត្រារបស់សាលាខេត្ត មានចុះលេខវាយត្រាចេញ-ចូល ធ្វើមើលតែពាក់ព័ន្ធឯកសាររដ្ឋបាលផ្លូវការរបស់រដ្ឋទៅវិញ។

ម្ចាស់ Account Facebook មិនបានធ្វើអត្ថាធិប្បាយពាក់ព័ន្ធការងាររដ្ឋបាល ឬផ្លូវច្បាប់យ៉ាងណានោះទេ តែក្រោយបង្ហោះមាន Friend ជាច្រើនបាននាំគ្នា Like និង Comment ធ្វើការរិះគន់នូវខ្លឹមសារក្នុងលិខិតខាងលើនេះ ហើយក៏មានអ្នក​ Share បន្តរាប់សិបនាក់ផងដែរ។

ខាងក្រោមនេះជាលិខិតដែលត្រូវបានគេបង្ហោះនៅលើ Facebook ដែលនាំឲ្យមានការរិះគន់ នៅលើបណ្ដាញទំនាក់ទំនង Facebook ដោយអង្គភាព Fresh News សូមមិនធ្វើអត្ថាធិប្បាយអ្វីឡើយ៖