(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងកោតសរសើរ ដល់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ( ITPR) នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំអភិវឌ្ឍកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមជួយដល់មន្រ្តីនគរបាលចរាចរណ៍ ដែលខិតខំធ្វើការដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សម្តេចក្រឡាហោម ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានគាំទ្រយ៉ាងពេញទំហឹងលើគំនិតផ្តួចផ្តើមបង្កើតកម្មវិធីដកពិន្ទុបណ្ណបើកបរ និងបានស្នើពន្លឿនលើខ្លឹមសារប្រការអន្តរក្រសួង ដែលបានព្រាងរួចរាល់ និងឯកភាពក្នុងកម្រិតបច្ចេកទេស។

សម្តេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរដូចនេះនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន រាយការណ៍ពីវឌ្ឍនភាពការងារលើការដាក់ដំណើរការ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ និងក្រុមការងារបច្ចេកទេស។

បន្ទាប់ពីគោរពរាយការណ៍រួចលោកទេសរដ្ឋមន្ត្រី ក៏បានស្នើសុំសម្តេចក្រឡាហោម សខេង ជួយពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងលើកម្មវិធីនេះមុននឹងចាប់ផ្តើម បណ្តុះបណ្តាលកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ជូនមន្ត្រីនគរបាលចរាចរណ៍ នៅខែសីហា ឆ្នាំ២០២១ និងដាក់ដំណើរការសាកល្បង និងផ្សព្វផ្សាយជូនសាធារណជននៅខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះដែលក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមនឹងប្រគល់ទទួលឧបករណ៍ដកពិន្ទុ និងពិន័យរួមគ្នា ចំនួន៥០០គ្រឿង ជូនអគ្គស្នងការនគរបាលជាតិ ហើយកម្មវិធីនេះនឹងត្រូវសម្ពោធដាក់ប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីវឌ្ឍនភាពការងាររៀបចំតម្លើងប្រព័ន្ធកាមេរ៉ាចាប់ល្បឿន លើផ្លូវជាតិមួយចំនួន ដោយសហការជាមួយ អគ្គស្នងការនគបាលជាតិ ដោយនៅតាមដងផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ដល់កំពត នឹងបំពាក់ប្រព័ន្ធកាមេរ៉ាចាប់ល្បឿន ១០ទីតាំង ចំនួន១៤ឈុត និងកំពុងសិក្សាបំពាក់ប្រព័ន្ធកាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៧ ស្គន់ទៅកំពង់ចាម ព្រមទាំងពិនិត្យលទ្ធភាពស្នើសុំ JICA បំពាក់កាមេរ៉ានេះលើផ្លូវជាតិលេខ៥ផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានរាយការណ៍ជូនសម្តេច អំពីបញ្ហាបាតុភាពតវ៉ាពីម្ចាស់យានយន្តធុនធ្ងន់ ដែលស្នើសុំបន្ថែមទម្ងន់ផ្ទុកមួយចំនួនខុសពីបទបញ្ញាត្តិច្បាប់ និងដំណោះស្រាយដោយផ្អែកលើផ្លូវច្បាប់ ព្រមទាំងការផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងដល់ទីតាំងម្ចាស់អាជីវកម្មដឹកជញ្ជូនធុនធ្ងន់ដូចជា អាជីវកម្មខ្សាច់ ថ្ម ដី និងរោងចក្រផលិតស៊ីម៉ង់ជាដើម។

សម្តេចក្រឡាហោម ស ខេង ក៏បានកោតសរសើរលើការរៀបចំប្រព័ន្ធកាមេរ៉ាចាប់ល្បឿន និងគាំទ្រលើចំណាត់ការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើបញ្ហាបាតុភាពតវ៉ាពីម្ចាស់យានយន្តធុនធ្ងន់ ដោយអនុវត្តតាមច្បាប់ និងមិនមានការលើកលែងខុសពីច្បាប់ឡើយ។

សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអរគុណដល់ក្រុមការងារដែលបានខិតខំរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកនេះឡើង និងជំរុញឱ្យរៀបចំអនុវត្តតាមផែនការដើម្បីកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ដែលខាតបង់ទាំងទ្រព្យសម្បត្តិនិងអាយុជីវិតប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ធ្វើការដកពិន្ទុ លើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ ជាយុទ្ធសាស្រ្តសម្រាប់ កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍៕